កីឡាបរទេស ៖ ប្រទេសមានច្បាប់ ក្លិបមានវិន័យ កីឡាករគ្រប់រូបមិនចេះតែធ្វើអ្វីតាមតែអំពើរចិត្តរបស់ខ្លួនបាននោះទេ ដូចជាកីឡាករ Pierre-Emerick Aubameyang សញ្ជាតិហ្គាបុងបានល្មើសវិន័យក្លឹបដដែលៗជាច្រើនលើកទើបគ្រូបង្វឹកសម្រេចពិន័យមិនអោយចូលប្រកួត ដោយបានត្រឹមអង្គុយបម្រុងពេញ៩០នាទី ការប្រកួតរវាងក្រុមArsenal និងក្រុមSpurs។
កីឡាករPierre-Emerick Aubameyang ពុំបានមានវត្តមានលើទីលានការប្រកួតរវាងក្រុមArsenal ទល់និងក្រុម Spurs នោះទេ កាលពីយប់មិញ ហើយត្រឹមអង្គុយបម្រុងពេញ៩០នាទី ស្របពេលដែលការប្រកួតគឺក្រុម Arsenal បានយកឈ្នះ ក្រុមSpurs ដោយលទ្ធផល២-១។
បន្ទាប់ពីចប់ការប្រកួតមានសំណួរជាច្រើនពីអ្នកគាំទ្រហេតុអ្វី Mikel Arteta មិនដាក់កីឡាករសំខាន់ដូចជា Aubameyang ឲ្យចូលលេង? ជាលទ្ធផលតាមការឆ្លើយតបលោកបានបង្ហើបថា ដោយសារតែកីឡាករសញ្ជាតិហ្គាបុងបានល្មើសវិន័យក្លឹប ហើយមិនបញ្ជាក់ហេតុផលច្បាស់នោះទេ។
យ៉ាងណាតាមរបាយការណ៍ពី The Athletic បានចុះផ្សាយ ខ្សែប្រយុទ្ធជំនាញខាងបញ្ចប់ទីរូបនេះ គេបានមកដល់កីឡដ្ឋាន Emirate យឺតពេល ហើយនេះពុំមែនជាលើកដំបូងទេ មូលហេតុហ្នឹងហើយទើប Arteta សម្រេចដាក់ពិន័យគេបែបហ្នឹងតែម្តង។ នេះតាមមើលប្រហែលមិនទាន់ចប់ទេ ដោយបុរសវ័យ៣១ ឆ្នាំទំនងរងការផាកពិន័យជាសាច់ប្រាក់មួយចំនួនផ្សេងទៀត ដែលយើងនឹងចុះផ្សាយនៅពេលខាងមុខ៕