បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន​ពី វីរុសកូវីដ-១៩​ បម្លែងថ្មីដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅហើយ

0
858

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន​ លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ​ ដែលលោកស្រីធ្លាប់បានពន្យល់រួចហើយ​ គឺវីរុសកូវីដ-១៩​ បម្លែងថ្មី​ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា​ ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ​ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង​ ដែលមានការចម្លងបន្តគ្នាលឿនណាស់​ និងឆ្លងបន្តទៅខេត្ត​មួយចំនួនរួចទៅហើយ។

លោកស្រីលើកឡើងទៀតថា ដូច្នេះ​ ពេលនេះ​ នៅផ្ទះ​ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ​ ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ​ ដូចជាពីធីមង្គលការ​ ឡើងផ្ទះ​ បុណ្យសាសនាផ្សេងៗ​ ដោយពន្យាពេល​ គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត​ ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។  ជ្រើសរើសយកការបញ្ឈប់ការជួបជុំ​ ឫការពន្យាពេលនៃការរៀបចំពិធីនានា​ ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា​ វីរុសបម្លែងថ្មីនេះ​ សាហាវជាង​ និងខ្លាំងជាងវីរុសនាពេលមុនៗ​ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា​ ដែលថ្មីៗនេះ​ កម្ពុជាមានករណីស្លាប់មួយនាក់រួចទៅហើយៗ ក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។ ជាមួយគ្នានោះ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន ក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព​ និងមើលកូនចៅឱ្យបានល្អ​ កុំឱ្យដើរចេញក្រៅរហេតរហូត​ សម្រាប់មនុស្សពេញវ័យ​ បើមិនមានការចាំបាច់ទេនោះ​ សូមនៅផ្ទះ​ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់​ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

លោកស្រី បានគូសបញ្ជាក់ថា ដំណាក់កាលនេះ​ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល​ និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងក្រសួងសុខាភិបាលបានដាក់ចេញ​ ដូចជាការអំពាវនាវខាងលើនេះជាដើម​ ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ​ ទាំងអស់គ្នា​ ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

បរាជ័យ​ ឫជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩​ បម្លែងថ្មីនាពេលនេះ​ គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា​ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ បម្លែងថ្មីនាពេលនេះផងដែរ៕

Facebook Comments
Loading...