ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីដំណឹងនៃការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ហង្សមាស គឺអ្នកនាងច័ន្ទកែវនិមល និងសមាជិកគ្រួសារមានប្តី និងកូន។ ដំណឹងនេះបានល្បីសុះសាយពេញចង្កោមអ្នកសិល្បៈ និងត្រូវបានចែករំលែកពេញបណ្តាញសង្គម ខណៈដែលគេដឹងថាមានសិល្បករបម្រើការងារនៅទូរទស្សន៍នេះមួយចំនួនក៏អាចពាក់ព័ន្ធផងដែរ។
យោងសារទម្លាយពីក្នុងចង្កោមអ្នកសិល្បៈបានបញ្ជាក់ថាពិធីការិនីហង្សមាសអ្នកនាងច័ន្ទ កែវនិមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ១៩ រកឃើញវិជ្ជមានទាំងគ្រួសារ ដោយគាត់បានឆ្លងពីអ្នកដឹកនាំថតម្នាក់ឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូ ដើម្បីចូលរួមការពារកូវីដ១៩ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត លោកទីតូ មានវិជ្ជមានកូវីដ១៩។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីតារាល្បីៗ នៅផលិតកម្មហង្សមាសអាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន, សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ខណៈដែលលោកណុប បាយ៉ារិទ្ធ ក៏ត្រូវបានគេសង្ស័យដែរថាជាប់ពាក់ព័ន្ធនឹងការណី នេះផងដែរ។ ដំណឹងបឋមបានបញ្ជាក់ថាច័ន្ទ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។
យោងតាមសារជាសំឡេងរបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ នៅយប់ថ្ងៃទី៨មីនា នេះ។ លោកស្រីយក់ សម្បត្តិ បញ្ជាក់ថាក៏មានសេចក្តីរាយការណ៍ថា ពិធិការិនីហង្សមាស លោកស្រី ច័ន្ទ កែវនិមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រីច័ន្ទកែវ និមល ប្តី និងកូនស្រីរបស់គាត់ អាយុ១០ឆ្នាំ បានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃទី៧ ខែមីនា ហើយលទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
ព្រឹកថ្ងៃទី០៩ ខែមីនាឆ្នាំ២០២១នេះដែរ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានបញ្ជាក់ការពិតនៅក្នុងការផ្សាយព័ត៌មានព្រឹកនេះរបស់ហង្សមាសថា គិតត្រឹមព្រឹកនេះ មានតែគ្រួសារ កែវ ច័ន្ទនិមល ប៉ុណ្ណោះដែលបានឆ្លងមេរោគសាហាវខាងលើ។ “ខ្ញុំបញ្ជាក់រឿងនេះថា កែវ ច័ន្ទនិមល និងក្រុមគ្រួសាររបស់គាត់រកឃើញវិជ្ជមានកូវីត១៩ គឺជាការពិតហើយ!”។លោកបានបញ្ជាក់ថា នៅពេលនេះ កម្មវិធីតន្ត្រី ប្រដាល់ ជាដើមរបស់ហង្សមាស ត្រូវបានសម្រេចផ្អាកដំណើរការរបស់ខ្លួនហើយ ហើយអ្នកដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយពិធិការិនីខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកហើយដែរ៕