ភ្នំពេញ ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ កីឡាករលេចធ្លោក្នុងពិភពប្រដាល់គុនខ្មែរ នាពេលបច្ចប្បន្ន អេ អាំម៉ារីន ភូថង នឹងខ្វះដៃគូប្រកួតក្នុងស្រុកនៅក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខនេះទៀត ប៉ុន្តែអាចនឹងលេចធ្លោខ្លាំងក្នុងការប្រកួតលក្ខណៈអន្តរជាតិ ប្រសិនបើស្ថាភាពខូវិត-១៩ស្ងប់ស្ងាត់ ដោយមានកីឡាករគុនអន្តរជាតិបានចេញចូលមកប្រកួតនៅស្រុកខ្មែរ និងកីឡាករកម្ពុជាអាចចេញទៅប្រកួតនាក្រៅប្រទេសដូចមុននោះ។
កីឡាករ អេ អាំម៉ារីនភូថង ដែលជាកូនប្រុសបង្កើតរបស់អតីតអធិរាជកែងឆេះ ជង្គង់ហោះ អេ ភូថង ទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់រហូតបដល់១.៧៨ម៉ែត្រ ទៅហើយដែលមានរាងកាយអំណោយផលដល់ការប្រកួតគុនខ្មែរមែនទែន។ គិតរហូតដល់នេះ អាំម៉ារីនភូថង បានឆ្លងកាត់លើសង្វៀនប្រហែលជា៤០ដង ហើយភាគច្រើនទទួលបានជ័យជម្នះ។ ដោយសារអំណោយផលខាងកម្ពស់ រូបគេមានប្រៀបលើដៃគូតាមរយៈការប្រើជង្គង់ដែលជាអាវុធគ្រោះថ្នាក់បំផុត។ ក្រៅពីអាវុធជង្គង់ដ៏មានប្រសិទ្ធភាព អេ អាំម៉ារីនភូថង ក៏អាចទាត់បានល្អ និងចេញកណ្តាប់ដៃបានល្អផងដែរ។
កីឡាករវ័យក្មេងរូបនេះបានយកឈ្នះអស់ហើយកីឡាករដែលមានវ័យស្របាគ្នា ដូច្នេះស្ទើរគ្មានដៃគូក្នុងស្រុកស្រករគ្នាដែលត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយរូបគេទៀតទេ ពីព្រោះចាញ់ដាច់់ទាំងកាយសម្បទា និងសមត្ថភាព។ ដូច្នេះហើយទើបបានជាអ្នកផ្គូផ្គងគូប្រកួតបានរៀបចំឲ្យរូបគេជួបប្រកួតជាមួយដៃគូភាគច្រើនជាកីឡាកររៀមច្បង និងសមត្ថភាពខ្ពស់ទើបអាចទប់ទល់ជាមួយកូនប្រុសអធិរាជ អេ ភូថងបាន។
រហូតមកដល់ពេលនេះ អេ អាំម៉ារីនភូថង បានជួបប្រកួតជាមួយដៃគូរៀមច្បង និងល្បីៗជាច្រើននាក់ហើយដែលក្នុងនោះមានឈ្នះ និងមានចាញ់។ ដៃគូជារៀមច្បងជាច្រើនដូចជា បឹត សង្ឃឹម, លាភ រដ្ឋា, ចាន់ ស៊ីណាត, ឡុង ខេត្ត, ឆួន បួន, យុគ យក្សផ្លែ, ស៊ន រ៉ាគីម, ឃួន ឡាំងកូស៊ីន, ពុទ្ធ ម៉ាណូយ, ម៉ន សាម៉េត, ឡុង រ៉ាមី, ជី ឆៃលី និងអ្នកលេងខ្មែរជាច្រើននាក់ទៀត។ ជាពិសេសរូបគេក៏ធ្លាប់ប្រកួតជាមួយកីឡាករបរទេសដូចជាថៃ បារាំង និងអ៊ឺរ៉ង់ជាដើមដែលលទ្ធផលគូឲ្យសសើរដល់កីឡាករវ័យក្មេងដែលទើបនិងឡើងកូដខ្លាំងនេះ។
ការប្រកួតឡើងជាលំដាប់មកកីឡាករអេ អាំម៉ារីនភូថង ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដល់លើកឡើងថា ប្រហែលជាពីរឬបីឆ្នាំខាងមុខទៀត កាយសម្បទារបស់គេកាន់តែរឹងមាំ មានសាច់ដុំ និងកម្ពស់កាន់តែឡើង នោះប្រាកដណាស់ទាំងអាវុធ និងកម្លាំងស៊ុហ្វពិតជាខ្លាំង ដូច្នេះពិតជាពិបាករកដៃគូប្រកួតក្នុងស្រុកណាស់។ យ៉ាងណា អេ អាំម៉ារីនភូថង អាចនឹងក្លាយជាអ្នកលេងគុនខ្មែរដែលលេចធ្លោលើឆាកអន្តរជាតិ ប្រសិនបើត្រូវបានបណ្តុះបណ្តាល និងរៀបចំឲ្យមានការប្រកួតលើឆាកអន្តរជាតិច្រើន ខណៈពេលរូបគេមានបទពិសោធជោកជាំតាំងពីវ័យក្មេងស្រាប់ទៅហើយនោះ៕