សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ចំនួនសរុប៤៩នាក់ ដួលសន្លប់បន្តគ្នាទាំងមិនដឹងមូលហេតុ

0
740

សៀមរាប ៖ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះភ្លាមៗ តែមាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថាមកពីអ្នកថែរក្សានៅទីនេះមិនពេញចិត្តនិងអ្វីមួយហើយបានជា ធ្វើឲ្យក្មេងៗមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់បែបនេះ អាគមន៍ផ្សំអាយុ ត្រូវតែនាំគ្នាសែនព្រេនឲ្យគេ(អ្នកថែរក្សានៅទីនោះ)ទើបលែងមានរឿងបែបនេះកើតឡើងទៀត។

តាមការឲ្យដឹងពីលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស នៃវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ហើយពួកគេទាំងអស់នោះ ពុំមានបញ្ហាអ្វីឡើយ ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមក បានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយនៅព្រឹកថ្ងៃដដែលនេះ។

លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា តាមរបាយកាណ៍របស់គ្រួពេទ្យ តាមរយៈការរាយការណ៍របស់ លោកគ្រូនៅកន្លែងកើតហេតុថា ដំបូងឡើយមានក្មេងស្រីម្នាក់ មានការអការៈរវើរវាយ ស្រែកយំខ្លាំងៗ ប្រទាញដៃជើង ហើយមិត្តភក្តិគាត់បានមកអោប និងជួយគាត់ ព្រមទាំងមានភ័យខ្លាច ហើយបន្ទាប់មក មិត្តភក្តិខ្លះក៏យំ និងខ្លះទៀតក៏សន្លប់ផងដែរ។ ក្រោយការពិនិត្យសុខភាព និងសង្គ្រោះបឋមរួចមកបង្ហាញថា បរិមាណជាតិស្ករ  សម្ពាធឈាម និងអុកស៊ីសែន គឺមិនមានបញ្ហានោះទេ។

ក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានបឋមថា ជាការភ័យតៗគ្នា តែចំពោះសិស្សម្នាក់ ដែលមានអការៈដំបូងគេ គឺគ្រូពេទ្យកំពុងសាកសួរក្រុមគ្រួសារអំពីសុខភាពគាត់នាពេលកន្លងមក និងត្រូវបន្តតាមដានបន្ថែមទៀត។ ទោះបីជាយ៉ាងនេះក្តី លោកអភិបាលស្រុក បានណែនាំដល់មន្ត្រីសុខាភិបាល ត្រូវបន្តស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមានបញ្ហានេះឡើង។

ដោយឡែក មាតាបិតាសិស្ស និងចាស់ព្រឹទ្ធាចារ្យនៅទីនោះ យល់ឃើញថា មកពីជំនឿអរូបិយ រហូតពួកគាត់បាននាំគ្នាសែនព្រេន ដោយហេតុថា ពួកគាត់បានលឺកូនសិស្សទាំងនោះ ថាបានឃើញរូបភាពចម្លែកៗ គួរឲ្យភ័យខ្លាច និងប្រឡាក់ឈាម បានបង្ករឲ្យមានការភ័យស្លន់ស្លោ រវើរវាយ និងដួលសន្លប់ជាបន្តបន្ទាប់បែបនេះ។ អាគមន៍ផ្សំអាយុ ត្រូវតែនាំគ្នាសែនព្រេនឲ្យគេ(អ្នកថែរក្សានៅទីនោះ)ទើបលែងមានរឿងបែបនេះកើតឡើងទៀត៕

Facebook Comments
Loading...