ព្រះវិហារ ៖ ភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិ មានទិដ្ឋភាពព្រៃឈើស្រស់ស្អាត រួមជាមួយនឹងតំបន់ទឹកធ្លាក់ជាច្រើនកន្លែង និងមានទីតាំងជំនឿជាច្រើនកន្លែងដែលដើមឡើយអ្នកភូមិនិយាយថា ភ្នំត្បែងស័ក្តិសិទ្ធខ្លាំងណាស់ ហើយគេនៅតែមានជំនឿ ដែលទាំងនេះបង្ហាញថា មានសក្តានុពលខ្ពស់ទាំងសម្បត្តិធនធានធម្មជាតិ និងជំនឿផ្សេងៗដែលត្រូវរួមគ្នាថែរក្សាការពារទុកឱ្យមានជានិរន្តរ៍។
ក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារក្នុងការសិក្សា និងពិនិត្យទៅលើតំបន់ទេសភាព និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំត្បែងបានរៀបចំបញ្ជីត្រៀមសម្រាប់ស្នើសុំទៅអង្គការយូណេស្កូដើម្បីដាក់ភ្នំធម្មជាតិសម្បូណ៌ព្រៃឈើធំៗនេះ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។ នេះបើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានឱ្យដឹងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៩ – ៣១ ខែមករា ឆ្នាំ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង និងអង្គការWCS។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិមួយក្នុងចំណោមតំបន់ធម្មជាតិ៣កន្លែងទៀត មានដូចជា ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង សហគមន៍ការពារធម្មជាតិត្មាតប៉ើយ ដែលក្រសួងបរិស្ថាននិងក្រុមការងារពាក់ព័ន្ធបានត្រៀមដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោកដើម្បីស្នើសុំទៅអង្គការយូណេស្កូ។
យោងតាមឯកសារស្រាវជ្រាវបឋម តំបន់បេតិកភណ្ឌធម្មជាតិនេះនៅមានសេសសល់ព្រៃឈើ ដ៏សម្បូណ៌បែបដែលជាព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ហើយមានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្សសត្វព្រៃ ការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី និងធានានូវការផ្គត់ផ្គង់ទឹកសាបដល់សហគមន៍រស់នៅជុំវិញតំបន់នេះ។ ថនិកសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ជាច្រើនប្រភេទ រួមមានទោចម្កុដ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ប្រើស ឆ្កែព្រៃ ឆ្មាដាវ ស្វាព្រាម រញីប្រផេះប្រចៀវភ្នំត្បែង និងមានសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត ត្រូវបានគេដឹងថា មានវត្តមាននៅក្នុងតំបន់នេះ។
ប្រភេទឈើសំខាន់ៗនៅមានវត្តមាននៅឡើយក្នុងតំបន់នេះ ដូចជា នាងនួន ដូងចែម ធ្នង់ បេង ក្រញូង តាត្រាវ ផ្ដៀក គគីរ កកោះ ឈើទាល និងមានរុក្ខជាតិច្រើនប្រភេទ ដូចជា កេសកូល(អរគីដេ) យិនស៊ិនភ្នំត្បែង រុក្ខជាតិឱសថបុរាណ ដូចជាវល្លិគុយ មុខឈ្នាង ឆ្កែស្រែង(ថ្នាំព្យាបាលក្រពះ)ដើមគោមួយ ជើងចាប អន្ទង់ស។ជាងនេះទៅទៀត មានរូងប្រចៀវ និងទឹកធ្លាក់ជាច្រើនកន្លែង។
តំបន់បេតិកភណ្ឌធម្មជាតិនេះ មានទិដ្ឋភាពព្រៃឈើស្រស់ស្អាត រួមជាមួយនឹងតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ដូចជា ទឹកធ្លាក់តាំងយូ ទឹកធ្លាក់ចាក់អង្រែ ទឹកធ្លាក់អន្លង់ស្វាយ ពើងព្រះរយគួបផ្សំជាមួយសត្វព្រៃ វត្តតាំងយូ និងមានទីតាំងជំនឿជាច្រើនកន្លែងដែលដើមឡើយអ្នកភូមិនិយាយថា ភ្នំត្បែងស័ក្តិសិទ្ធខ្លាំងណាស់ ហើយគេនៅតែមានជំនឿ រួមទាំងជនជាតិគួយផងដែរ។ ទាំងនេះបង្ហាញថា មានសក្តានុពលខ្ពស់ទាំងសម្បត្តិធនធានធម្មជាតិ និង ជំនឿផ្សេងៗដែលត្រូវរួមគ្នាថែរក្សាការពារទុកឱ្យមានជានិរន្តរ៍៕