ជនជាតិចិន២នាក់ស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តពីរគ្រឿងកំពុងឈប់ស្តុប

0
772

ភ្នំពេញ ៖ ជនជាតិចិន២នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តពីរគ្រឿងទៀតកំពុងឈប់ស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករបួស ដែលហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង១២ និង៤០នាទីយប់ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារសកែង និងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិន២នាក់បើករថយន្តសេរីទំនើបមួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខព្រះស៊ីហនុ2A 8531 ស្រវឹងស្រាជោគជាំបោះពួយល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តទំនើប470កំពុងតែឈប់ស្តុប ហើយរថយន្ត470 ក៏បុកបន្តទៅរថយន្តឡង់គ្រីស័រមួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចខាងលើ និងបានឃាត់ជនជាតិចិនដែលបង្កហេតុយកទៅប៉ុស្តិ៏នគរបាលទន្លេបាសាក់រងចាំប្រគល់ឲ្យជំនាញ។ ដោយឡែករថយន្តទាំង៣គ្រឿងដែលរងការខូចខាតនេះ ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...