កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបក្រុមក្មេងទំនើង៤នាក់ដែលតែងតែបង្កអសន្តិសុខសង្គម

0
777

បន្ទាយមានជ័យ ៖ ក្មេងទំនើងដែលគេស្គាល់ថា ជាក្រុមក្មេងដែលតែងតែបង្ករឿង និងធ្លាប់ធ្វើសកម្មភាពកាប់ចាក់គ្នា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាញឹកញាប់ ដោយមិនចាំបាច់មានជម្លោះអ្វីធំដុំឡើយ ដោយគ្រាន់តែមើលមុខគ្នា ក៏ពួកគេវាយកាប់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃកន្លងមកនោះ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបបាន និងបញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះហើយ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសករណីក្មេងទំនើង និងបន្ទាប់ពីទទួលបានព័ត៌មានក្មេងទំនើងប្រើហិង្សាប៉ះពាល់ដល់អ្នកដទៃលោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងមានចូលរួមសហការពីប្រជាពលរដ្ឋបានកំណត់មុខសញ្ញា និងធ្វើការឃាត់ក្មេងទំនើងទាំង០៤នាក់នេះ ជាបន្តបន្ទាប់ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង០៤នាក់ មានទី១.ឈ្មោះ សេង ណាឃីម ភេទប្រុស អាយុ១៥ឆ្នាំ ទី២.ឈ្មោះ ឃី សំឡី ហៅខ្លី ភេទប្រុស អាយុ១៦ឆ្នាំ ទី៣. ឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ  និងជនសង្ស័យទី៤ ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា ភេទប្រុស ជនសង្ស័យទាំង០៤នាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងទំនើងទាំងនេះ គឺជាក្រុមក្មេងដែលតែងតែបង្ករឿង និងធ្លាប់ធ្វើសកម្មភាពកាប់គ្នា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាញឹកញាប់ណាស់ ដោយមិនចាំបាច់មានជម្លោះអ្វីធំដុំឡើយ ដោយ គ្រាន់តែមើលមុខគ្នា ក៏ពួកគេវាយកាប់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃតែម្តង៕

Facebook Comments
Loading...