កីឡាបរទេស ៖ ក្លឹបហង្សក្រហម Liverpool ទីបំផុតបានសម្រេចការនាំយកខ្សែការពារថ្មី២រូបមកចូលរួមហើយ នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូររដូវរងា ដែលកីឡាករលេងតំណែងការពារកណ្តាលទាំងពីររូបដូចគ្នា គឺយកមកជំនួស Virgil van Dijk និង Joel Matip ដែលសម្រាកព្យាបាលរបួសរយៈពេលយូរ។
កីឡាករទាំង២នាក់ដែលក្លឹបហង្សក្រហម Liverpool ទិញនោះរួមមានខ្សែការពារកណ្តាល Ben Davies របស់ក្លឹប Prestton North End រីឯកីឡាករ Ozan Kabak របស់ក្លឹប Schalke 04 ក្លឹមហង្សក្រហមខ្ចីជើងរយៈពេល៦ខែដល់បញ្ចប់រដូវកាល។
សម្រាប់ Davies គឺក្លឹប Liverpool ទិញយកនៅតម្លៃ ៥៧០ ០០០ អឺរ៉ូ ជាមួយសុពលភាពកុងត្រាមិនមានការបញ្ជាក់ ប៉ុន្តែតាមដឹងគឺមានរយៈពេលយូរ គេនឹងប្រើប្រាស់អាវលេខ ២៨ នៅក្លឹបម្ចាស់ដី Anfield ហើយបាននិយាយយ៉ាងរំភើបបែបនេះថា៖ “ខ្ញុំពិតជារីករាយនឹងការមកទីនេះ ដោយវាជាឱកាសដ៏ធំមួយ ហើយក៏ភ្ញាក់ផ្អើលនៅពេលដំបូងដែលមានឱកាសមកដល់”។
ក្រឡេកទៅ Kabak ឯណោះវិញ គឺហង្សខ្ចីជើងរយៈពេល៦ខែដល់បញ្ចប់រដូវកាល ហើយគេក៏ជាកីឡាករលេងតំណែងការពារកណ្តាលដូចគ្នា ពោលគឺយកមកជំនួស Virgil van Dijk និង Joel Matip ដែលសម្រាកព្យាបាលរបួសរយៈពេលយូរ៕