នាឆ្នាំសិក្សាថ្មីនេះផ្ទះនាយក នាយករង ឬផ្ទះគ្រូបង្រៀនអាចប្រើប្រាសជំនួសសាលាចុះឈ្មោះសិស្សចូលរៀនបាន

0
829

ភ្នំពេញ ៖ ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឲ្យសាលាដែលជាប់ជាមណ្ឌលចត្តាឡីស័កមួយចំនួនអាចប្រើប្រាស់ផ្ទះនាយក នាយករង ឬផ្ទះគ្រូបង្រៀនដែលនៅជិតសាលាទាំងនោះដើម្បីចុះឈ្មោះសិស្សចូលរៀនបាន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះ គ្រឹះស្ថានសិក្សាដែលបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក នៅតែដំណើរការចុះឈ្មោះសិស្សចូលរៀន ដោយសាលារៀនដែលមានសិស្សតិចបានផ្ញើសិស្សនៅសាលាផ្សេងដែលនៅក្បែរៗនោះ ហើយចំពោះសាលារៀនដែលមានសិស្សច្រើន ត្រូវបានរៀបចំឱ្យរៀនតាមបណ្តុំតូចៗ និងរៀនតាមអនឡាញ។

លោកបានបន្តថា ចំពោះគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ឬត្រូវបានកំណត់ជាមណ្ឌលចត្តាឡីស័កត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពសិក្សា និងសេចក្តីណែនាំដែលនៅជាធរមានហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដែលមានសិទ្ធិក្នុងការសម្រេច ចាត់វិធានការឆ្លើយតប ដោយមានភាពទន់ភ្លន់ និងទាន់ពេលវេលានិងត្រូវរាយការណ៍ជាប្រចាំតាមឋានានុក្រម មកក្រសួងអប់រំ យុវជន និងកីឡា។

លោកបានបបន្តទៀតថាចំពោះខ្លះសាលាដែលជាប់ជាមណ្ឌលចត្តាឡីស័កមួយចំនួនអាចប្រើប្រាស់ផ្ទះនាយក នាយករង ឬផ្ទះគ្រូបង្រៀនដែលនៅជិតសាលាទាំងនោះដើម្បីចុះឈ្មោះសិស្សចូលរៀន។លោកបានបញ្ជាក់ថាការបើកដំណើរការឆ្នាំសិក្សាថ្មីនេះគឺកំពុងដំណើរការជាប្រក្រតីទេនៅទូទាំងប្រទេស៕

Facebook Comments
Loading...