ភ្នំពេញ ៖ ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋភូមិតាស្គរ និងភូមិបឹងខ្នំ ក្រោមអធិបតីភាព លោកជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ លោកពឹង រតន: អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានី លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលាសង្កាត់ពន្សាំង។
ក្នុងឱកាសនោះលោកឈួន ឆាំ ចៅសង្កាត់ពន្សាំងបានឲដឹងថា ភូមិក្នុងសង្កាត់ពន្សាំងមានចំនួន២៤ភូមិ ក្នុងនោះមានភូមិប្រមាណជាង១០បានបិទផ្សាយជា\សាធារណ:នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីរដីធ្លីជាប្រព័ន្ធ និងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ ហើយអាជ្ញាធរសង្កាត់ក៏បានសហការជាប់ជាប្រចាំជាមួយមន្ត្រីជំនាញនិងប្រជាពលរដ្ឋជាម្ចាស់ដីក្នុងការជួយពិនិត្យនូវទិន្ន័យក្បាលដីឲ្យបានពិតប្រាកដនាពេលកន្លងមក។ ក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋភូមិតាស្គរ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០មករា រីឯភូមិបឹងខ្នំ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដូចនេះបងប្អូនប្រជាពលរដ្ឋភូមិបឹងខ្នំសូមរងចាំបន្តិចក្រុមការងារនិងចែកជូនបងប្អូនដែលធ្វើហើយឲ្យបានគ្រប់ៗគ្នា។
ចំណែកលោកពឹង រតនៈ បានលើកឡើងថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងសង្កាត់ពន្សាំងនេះគឺមានលោកស៊ូ ស៊ីវុត្ថា ជាប្រធានវាល ដែលបានខិតខំដឹកនាំក្រុមការងារធ្វើជូនបងប្អូនទាំងថ្ងៃក្តៅ ទាំងថ្ងៃភ្លៀងក៍មានដែរ ក្នុងនោះផងដែរយើងបានប្រើប្រាស់នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រហើយការចុះបញ្ជីរដីជាលក្ខណ:ប្រព័ន្ធគឺដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបានរបស់ខ្លួន។
ដោយឡែកលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនប្រជាពលរដ្ឋនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គមផងដែរ៕