ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់រដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ (Covid19) ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាពលោករស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
នាឱកាសនោះដែរ លោកសុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៥ ទទួលបានម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្មើរៗគ្នា។
ជាមួយគ្នានេះដែរ លោកសុខ សម្បត្តិ ក៍បានអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ ចូលរួមចែកម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន ចាប់ពីល្ងាចថ្ងៃនេះតទៅ និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ។
បន្ទាប់ពីចែកម៉ាស់ និងថ្នាំបំបាត់ទឹកស៊ីជើង ដល់សង្កាត់ទាំង៥រួចមកនាល្ងាចថ្ងៃដដែលនោះផងដែរលោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារបានចុះផ្សព្វផ្សាយពីវិធីបង្ការទប់ស្កាត់ពីជំងឺឆ្លងកូវីត១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍អណ្ដូង៤.៦ និងបានចែកម៉ាស់ជូនពលរដ្ឋតាមខ្នងផ្ទះផងដែរ។
គួបញ្ជាក់ថា ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅនាពេលនោះមានចំនួន២០០០០ម៉ាស់ ក្នុងនោះសង្កាត់គោករកាទទួលបាន៥០០០ម៉ាស់ថ្នាំលាបបំបាត់រមាស់ចំនួន២០ប្រអប់ សង្កាត់ពន្សាំងទទួលបាន៤០០០ម៉ាស់ថ្នាំលាបបំបាត់រមាស់ចំនួន២០ប្រអប់ សង្កាត់ពញ្ញាពន់ទទួលបាន៣០០០ម៉ាស់ថ្នាំលាបបំបាត់រមាស់ចំនួន២០ប្រអប់ សង្កាត់ព្រែកព្នៅទទួលបាន៣០០០ម៉ាស់ថ្នាំលាបបំបាត់រមាស់ចំនួន២០ប្រអប់ និងសង្កាត់សំរោងទទួលបាន៣០០០ម៉ាស់ថ្នាំលាបបំបាត់រមាស់ចំនួន២០ប្រអប់ សរុបអស់១៨០០០ម៉ាស់ សល់២០០០ម៉ាស់រដ្ឋបាលខណ្ឌរក្សាទុកដើម្បីទុកចែកសង្កាត់ និងប្រជាពលរដ្ឋដែលខ្វះខាតបន្ថែមទៀត៕