កីឡាបរទេស ៖ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីមានរឿងរកាំរកូសគ្នាចាប់ពីដើមរដូវកាលមក ពេលនេះលោក Bartomeu ប្រធានក្លឹប FC Barcelona ជឿជាក់ថាវត្តមាន Lionel Messi នៅរដូវកាលនេះ នឹងអាចជួយក្រុម FC Barcelona ឈ្នះពានរង្វាន់ជាក់ជាមិនខាន ក្រោមការដឹកនាំរបស់លោក Ronald Koeman។
កាលពីម្សិលមិញនេះ ថ្នាក់ដឹកនាំក្រុម FC Barcelona បានបើកការប្រជុំគ្នា ដើម្បីជជែករឿងកើតឡើងក្នុងក្លឹបមួយរយៈចុងក្រោយនេះ។ ជាលទ្ធផលបន្ទាប់ពីប្រជុំចប់ លោក Bartomeu ដែលជាប្រធានក្លឹបបានអះអាងថាតំណែងរបស់លោកមិនមានអ្វីប្រែប្រួលនោះទេ។ លោកគ្មានហេតុផលណាមួយដើម្បីចុះចេញពីតំណែងឡើយ ព្រោះគ្រប់គ្នាសុទ្ធតែគាំទ្រលោកទាំងអស់។មួយវិញទៀតសម្រាប់រដូវកាលនេះ លោកមានទំនុកចិត្តថា Koeman នឹងអាចយកពានរង្វាន់មកឱ្យក្លឹបបានមិនខាន ព្រោះវត្តមានរបស់ Messi គឺជាកត្ដាជំរុញខ្លាំងបំផុតមួយទៅហើយ។ Messi ជាកីឡាករមានសមត្ថភាពម្នាក់ ដែលអាចជួយក្រុមឈ្នះពានបានគ្រប់ពេល៕