ប្រជាការពារ,ប្រជាពលរដ្ឋក្រីក្រ​ និងអ្នករងគ្រោះដោយជំនន់ទឹកភ្លៀង២០០គ្រួសារ បានទទួលអំណោយពីក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ

0
885

ភ្នំពេញ ៖ លោក ជា ខេម៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លោកស្រី កែវ រ័ត្នតារា អនុប្រធានក្រុមការងារ ព្រមទាំង សមាជិក សមាជិកា ជាច្រើនរូបទៀតបាននាំយក គ្រឿងឧបភោគ បរិភោគ និងថវិកា១ចំនួន​ដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរសជនទៅចែកជូន បងប្អូន ប្រជាការពារសង្កាត់ ភូមិ ប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រឈមនឹងជំនន់ទឹកភ្លៀង ចំនួន២០០គ្រួសារ មកពីភូមិទាំង៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ និងថវិកា ២ម៉ឺនរៀល កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

ថ្លែងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋនាឱកាសនោះ លោកស្រី កែវ រ័ត្នតារា មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្រុមការងារចុះជួយសង្កាត់ បានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចំរើន ក្នុងគោលដៅលើកស្ទួយ ស្ថានភាព ជីវភាពរស់នៅប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។ក្រៅពីនេះ ក៏បានរួមចំណែក ក្នុងការដោះស្រាយការលំបាក នៅពេលដែលប្រជាពលរដ្ឋ សមាជិកសមាជិកា ជួបប្រទះ។ កន្លងមកនេះ ក្រុមការងារក៏បាននាំយក នូវគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាទៅចែកជូន ប្រជាពលរដ្ឋក្រីក្រី ក្នុងមូលដ្ឋានជាបន្ដបន្ទាប់ ពិសេស នៅពេលបងប្អូនជួបនិងបញ្ហាផ្សេងៗ។

លោកស្រីបានលើកឡើងថា បច្ចុប្បន្ននេះរាជធានីខេត្ត១ចំនួនក្នុងប្រទេស កម្ពុជាកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ ដូចជានៅក្នុងខណ្ឌដង្កោ ខណពោធិសែនជ័យ រាជធានីភ្នំពេញ,  ខេត្ត បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ជាដើម ត្រូវទទួលរងនូវការលិចលង់យ៉ាងខ្លាំង។ ស្ថិតក្នុងស្ថានភាពនេះ អាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេសប្រមុខរាជរដ្ឋភិបាលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី កំពុងខិតខំប្រឹងប្រែងយ៉ាង សស្រាក់ស្រាំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិនេះ។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រីបានលើកសរសើរ ដល់បងប្អូនប្រជាការពារភូមិ សង្កាត់ ដែល កន្លងមកនេះ​បងប្អូនបានរួមចំណែកយ៉ាងសកម្មជាមួយ រដ្ឋបាលសង្កាត់ ភូមិ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ពិសេ​សក្នុងពេលដែលកម្លាំងរបស់ក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្មមិនព្រមប្រមូលសម្រាម ធ្វើឲ្យសម្រាមនៅក្នុងមូលដ្ឋាន មានការកកស្ទះ។ស្ថិតក្នុងស្ថានភាពនេះ បងប្អូន ប្រជាការពារនេះហើយដែលជាកម្លាំងស្នូលក្នុងការប្រមូលសម្រាម។

លោកស្រីបានលើកទឹកចិត្ត ឲ្យបងប្អូនប្រជាការពារយើងសូមចូលរួមចំណែកឲ្យបានខ្លាំងក្លាថែមទៀតក្នុងការជួយដល់មូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋានយើង ទទួលបាន នូវសន្ដិសុខ សុវត្ថិភាពល្អ បរិស្ថានល្អ មានសណ្ដាប់ធ្នាប់និងសោភ័ណភាពធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែមានភាពល្អប្រសើរ៕

Facebook Comments
Loading...