ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌព្រែកព្នៅដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង នៅសហគមន៍អណ្តូង៤ និងអណ្តូង៦ ក្នុងសង្កាត់គោករកា ហើយបានចុះបញ្ជាផ្ទាល់ក្នុងការកាយចង្អូរប្រឡាយបន្ថែម ដើម្បីពន្លឿនទឹកហូរអោយបានលឿន និងកុំអោយមានការលិចលង់ផ្ទះប្រជាពលរដ្ឋក្នុងភូមិ និងសហគមន៍ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៣ ខែតុលានេះជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់គោករកាទាំងមូលបានស្រកប្រមាណជា៦០ភាគរយហើយ។
លោកសន ស៊ិន ចៅសង្កាត់គោករកាបានលើកឡើងថា ប្រជាពលរដ្ឋក្នុងសហគមន៍ទាំង២ប្រមាណជា៥០០គ្រួសារមិនមានរងគ្រោះធ្ងន់ធ្ងរនោះទេ ហើយបន្ទាប់ពីកាយចង្អូរប្រឡាយបន្ថែមរួចហើយមកដល់ពេលនេះជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់គោករកាទាំងមូលបានស្រកប្រមាណជា៦០ភាគរយហើយ បើមិនមានភ្លៀងថ្ងៃនេះ ទឹកនិងស្រកទៅទាំងអស់តែម្តង។
គួបញ្ជាក់ថា ក្នុងខណៈដែលលោកសុខ សម្បត្តិ ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកំពុងតែជន់លិចដោយទឹកភ្លៀង ក្នុងសហគមន៍អណ្តូង៤ និងអណ្តូង៦នេះប្រជាពលរដ្ឋមានការកក់ក្តៅដែលបានអាជ្ញាធរចុះមកសួរសុខទុក្ខ ដល់ខ្នងផ្ទះដែលពួកគាត់កំពុងជួបការលំបាកបែបនេះ៕