សម្តេចតេជោ ផ្ញើសារអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង

0
1895

ភ្នំពេញ ៖ ដោយស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធទាបសកម្ម(Active Low)នៅចុងនៃប្រព័ន្ធសម្ពាធទាបវិវត្តប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាយើងទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នានោះនៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។

ដោយចំនុចមួយចំនួននៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពរដ្ឋនិងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតជាយថាហេតុ ។

ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។ ជាមួយគ្នានោះ សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និងសូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ៕

 

Facebook Comments
Loading...