ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដង្ហែរអង្គកឋិនទានសាមគ្គីទៅកាន់វត្តច័ន្ទបុរីវង្ស

0
1888

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ការគោរពប្រតិបត្តិ​ព្រះ​ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿង អង្គ​កឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តមកិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង និងលោកជំទាវញ៉ែម សាខន ស ខេង ព្រមទាំង​ពុទ្ធ​បរិ​ស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកឆ័ន​ដើម្បី​ប្រ​មូ​លប​ញ្ច័​យ​យកទៅ​កសាង​វត្តច័ន្ទបុរីវង្ស ​ស្ថិត​ក្នុង​សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំ​ពេញ​​ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២០នេះ​។​

មុននៃការដង្ហែនេះ កាលពីរសៀលថ្ងៃទី១០ ខែតុលា ពុទ្ធបរិស័ទជិតឆ្ងាយ បានជួបជុំ​គ្នានៅភូមិគ្រិះឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បីធ្វើបទនមស្ការព្រះរតនត្រៃ ដោយនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម្មទេសនាតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាទៀតផង។ ព្រោះបុណ្យកឋិនទាន ជាបុណ្យដែលមានតែក្នុងព្រះពុទ្ធសាសនា ជាកាលទានដ៏វិសេសមួយដែល​បានកំណត់​ពេល វេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យ​កឋិន​តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានវត្ដណាមួយត្រូវ​បាន​ខក​ខាន​ឡើយ​ដូច្នេះ​គេ​តែង​តែឃើ​ញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃ១រោច ខែ​អស្សុ​ជ​ដល់​ថ្ងៃទី១៥កើត ខែកត្តិកហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយ​ហែរចូល​ពីពុទ្ធបរិ​ស័ទ្ធ​ឆ្ងាយៗទេនោះ ទីអារាមនោះក៏ត្រូវតែរៀបចំឲ្យមានជាគម្រប់កឋិនជើងវត្ត​ដើម្បី​ឲ្យព្រះសង្ឃ​ក្រាល​គ្រងកឋិនផងដែរ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ ព្រម​ដោ​យ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រ​ជាដើម។ល។ បើបានសព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់​ទុកដូច​ជា​កឋិន​របស់​ឯកឧត្តមហ៊ីង ប៊ុនហៀង រួមជាជាមួយពុទ្ធបរិស័ទជាច្រើនទៀត ដើម្បីដង្ហែរទៅកាន់ វត្ត​ច័ន្ទបុរីវង្ស​នាពេលនេះ។

ក្នុងអង្គកឋិននេះផងដែរឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនរថយន្ត១គ្រឿងដល់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃប្រមាណ១៧ម៉ឺនដុល្លា និងប​ញ្ច័​យ​ដែល​ប្រមូលបាន​ពី​អង្គ​កឋិនទាន​កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះមាន​ចំនួន​សរុប១៦៩លានរៀល និងប្រាក់ដុល្លាបានចំនួន៥០០០ដុល្លា​ ត្រូវបាន​ឯកឧត្តម និងលោកជំទាវ លោក ​លោកស្រី ដែលបានមូលមតិគ្នាដង្ហែ​យកទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅក្នុង​ពុទ្ធ​សី​ម៉ា វត្ត​ច័ន្ទបុរីវង្ស ដើម្បីទុក​សម្រាប់​ចាត់​ចែង​ក​សាង​សមិទ្ធិផល​នានា​នៅក្នុង​ទី​អារាម​​នេះ​ជាបន្តបន្ទាប់ទៀត៕

Facebook Comments
Loading...