ប្រជាពលរដ្ឋ និងអាជ្ញាធរនៅសង្កាត់ពន្សាំង ដង្ហែអង្គកឋិនទានសាមគ្គីប្រមូលបច្ច័យ កសាងសមិទ្ធិផលនៅវត្តប្រសិទ្ធីរីម្មារាម

0
5950

ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញនិងពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំង ចំណុះជើងវត្ត អាជ្ញាធរសង្កាត់ពន្សាំង រួមនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានផង នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានមូលមតិគ្នាជាឯកឆន្ទដង្ហែ កឋិនទាន សាមគ្គី១ទៅកាន់វត្ត«ប្រសិទ្ធី  រីម៉ា្មរាម» ហៅវត្តទួលវិហារ ស្ថិតក្នុងភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូលបច្ច័យសម្រាប់ឧបត្ថម្ភក្នុងការកសាង សមិទ្ធិផលនានា ពិសេសសម្រាប់កសាង ព្រះវិហារដែលកំពុងដំណើរការកសាងទើបតែបាន២០%។

ព្រះលិខិត ហួន រីម ព្រះចៅអធិការវត្ត ប្រសិទ្ធីរីម្មារាម មានសង្ឈដីការថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ដោយមានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។

ព្រះអង្គបន្តថា ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សាសោះ វត្តនោះក៏មិនអាចហែរ អង្គកឋិនចូលបានឡើយ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ១អង្គ ដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ។ ទាំងបព្វជិត ទាំងគ្រហស្ថអាចធ្វើកឋិនទានបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន ហើយភិក្ខុធ្វើកឋិនត្ថារៈកិច្ច គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជាត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូលវស្សាអស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះឯង។

ដោយកំលាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អង្គកឋិនទាននេះប្រមូលបច្ច័យសរុបបានចំនួន៧៥លាន ៧០ម៉ឺនរៀល និងប្រាក់ដុលា្លចំនួន១ម៉ឺន៨ពាន់ ៦៦២ដុលា្លអាមេរិក សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត។

គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រសិទ្ធីរីម្មារាម បានសំដែងនូវមនោសញ្ចេតនា រីករាយ និងថ្លែងអំណរគុណ ចំពោះម្ចាស់អង្គកឋិនទាំងឡាយ ព្រមទាំងបងប្អូនញាតិមិត្តទាំង អស់ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកុសល ប្រកបដោយជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៍ជាកាឆ្លុះបញ្ចាំងពី ការរួបរួមសាមគ្គីគ្នាក្នុងការជួយទ្រទ្រង់និងលើកដំកើង ដល់វិស័យ ព្រះពុទ្ធសាសនា ឲ្យបាន ថ្កុំថ្កើងរុងរឿង។

ព្រះលិខិតមុនី ហួនរីម បានអំពាវនាវដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមបន្ដចូលរួមគាំទ្រឲ្យ បានខ្លាំងក្លាថែមទៀត ទៅតាមសទ្ធាជ្រះថ្លារៀងៗ ខ្លួនដើម្បីកសាងសមិទ្ធិផលដែលកំពុងដំណើរការកសាងនៅ វត្តប្រសិទ្ធីរីម៉ារ៉ាមនេះ ពិសេសព្រះវិហារឲ្យបានរួចរាល់ជាស្ថាពរទុកជាសមិទ្ធិផលរួម សម្រាប់ពុទ្ធសាសនិកជនយើងប្រើប្រាស់ ទៅតាមតម្រូវការ៕

Facebook Comments
Loading...