អាជ្ញាធរខណ្ឌព្រែកព្នៅ បង្កើនកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

0
4178

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌព្រែកព្នៅ បានណែនាំដល់ គណៈបញ្ជាការឯកភាពសង្កាត់ អធិការ និងបញ្ជាការកងរាជធាវុធហត្ថខណ្ឌ ត្រូវបង្កើនយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀប រយសាធារណៈ ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីបុណ្យដោយទឹកចិត្តសប្បាយរីករាយ ។

លោក អភិបាលខណ្ឌ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានកោតសេសើរនិងថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលក្នុងពេលឈប់សម្រាកជំនួសបុណ្យចូលឆ្នាំ កន្លងមកនេះបានយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសការពារបាននូវការឆ្លងការរីករាលដាលនៃជម្ងឺកូវីដ១៩។

លោក បានបន្ដថាថ្វីត្បិតតែ នៅក្នុងមូលដ្ឋានពុំមានបញ្ហា ឬ ចោរកម្មជាដុំកំភួនក្ដី ក៏កងកម្លាំងយើងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់បន្ថែមទៀត ពិសេសនៅថ្ងៃសៅនិងថ្ងៃអាទិត្យ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋមានជីវភាពធូរធារគាត់ធ្វើដំណើរ ទៅលេងកំសាន្ដ ទៅធ្វើបុណ្យដាក់បិណ្ឌតាមទីអារាមនានា ច្រើនដូចនេះយើងត្រូវជួយការពារសុវត្ថិភាពនិងត្រៀមលក្ខណៈជួយសម្រួលចរាចរណ៍នៅពេលដែលមានការកកស្ទះ កើត ឡើងពិសេសនៅចំណុចអក្សរតេ Tផ្សារព្រែកព្នៅដែលជាចំណុចប្រសព្វ រវាងផ្លូវ១៥១និងផ្លូវជាតិលេខ៥។

លោកអភិបាលខណ្ឌ បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នេះយើងបាន ដាក់កម្លាំង សមត្ថកិច្ចប៉ូលីស ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅតាមវត្តអារាមទាំង៥សង្កាត់ និងនៅកន្លែងផ្សេងៗទៀតនៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីធ្វើយ៉ាងណា ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវធ្វើដំណើរទៅវត្តអារាមដើម្បីធ្វើបុណ្យ ក៏ដូចជាពលរដ្ឋ ដែលត្រូវធ្វើដំណើរកំសាន្តតាមវត្ត តំបន់រមណីយដ្ឋាននានា។លោកបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន បន្ដរួមសាគ្គីគ្នាគោរពវិន័យនិងសហការរួមគ្នា ក្នុងគោលដៅរក្សាឲ្យបាននូវភាពសុខក្សេមក្សាន្ដជូនប្រជាពលរដ្ឋ។

ក្នុងនោះផងដែរលោកបានណែនាំដល់សង្កាត់ភូមិ សូមជួយផ្សព្វផ្សាយ ដល់ព្រះសង្ឃ និង ប្រជាពលរដ្ឋ សូមឲ្យពួកគាត់ ប្រុងប្រយ័ត្ន និងមានភាពម្ចាស់ការខ្ពស់ ក្នុងការបង្ការការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលបង្កមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិដោយ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនទៅតាមវិធានរបស់ សុខាភិបាល ព្រោះថានៅពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ មានការជួបជុំគ្នាច្រើន ស្របពេលដែលសាលាររៀនបានបើកទ្វារឲ្យសិស្សចូលសិក្សាឡើងវិញ បើសិនជាយើងមានការធ្វេសប្រហែស។ជាមួយនេះសង្កាត់សូមជួយអំពាវនាវដល់សប្បុរសជននានា មេត្តាជួយ ឧបត្ថម្ភសម្ភារៈក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ដូចជាអាល់កុល ម៉ាស់ ជែលលាងដៃ និងឧបករណ៍វាស់កំដៅជាដើមដល់វត្តអា​រាម ក៏ដូចជាសិស្សានុសិស្ស ដែលជាទីតាំងបណ្ដុំមនុស្សច្រើននិងមានការខ្វះខាត៕

Facebook Comments
Loading...