កសិករខេត្តពោធិ៍សាត់ ដាំស្ពៃក្រញ៉ាញ់ អាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ

0
11346

ភ្នំពេញ ៖ លោកវេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីបទពិសោធន៍ដ៏ជោគជ័យរបស់ កសិករឈ្មោះ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលដាំស្ពៃក្រញ៉ាញ់ អាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃ។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា កសិករ តាន់ សេងលី បានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី៦អា ដោយត្រូវចំណាយផលិតកម្ម ដូចជាការរៀបចំដី គ្រាប់ពូជ ជីទ្រាប់បាត ទុយោទឹកស្រោចស្រព ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុបចំនួន៣៨៥ ០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។

លោកបន្ថែមថា ដំណាំស្ពៃក្រញ៉ាញ់ ដាំរយៈពេលតែ៣៥ ទៅ៤០ថ្ងៃប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និងទទួលបានទិន្នផលសរុប១ ៤៤០គីឡូក្រាម លក់ក្នុងតម្លៃ២ ៥០០រៀលក្នុង១គីឡូក្រាម ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ៣ ០០០រៀលក្នុង១គីឡូក្រាម។ ចំណែកផលចំណេញបានចំនួន៣ ២១៥ ០០០រៀល ក្នុងពេលដំាមួយវគ្គ។ ក្រៅពីនេះគាត់មានដាំដំណាំបន្ថែមនិងកំពុងនៅដំណាក់កាលថែទាំមិនទាន់បានប្រមូលផល ដូចជា ខាត់ណាដើម ចំនួនផ្ទៃដី៤អា ដំណាំត្រឡាចចំនួនផ្ទៃដី៣អា,ដំណាំ សាលាដ ចំនួនផ្ទៃដី៣អា និងត្រកួនផ្ទៃដី២អាផងដែរ។

តាមការសាកសួររបស់ក្រុមមន្រ្តីបានលើកឡើងថា កសិករនិងខិតខំ ពង្រីកការដំាបន្លែបន្ថែម ព្រោះការដាំ បន្លែអាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃសម្រាប់ជីវិតជាកសិករប្រកបរបរកសិកម្ម ប្រសើរជាជាង ធ្វើចំណាកស្រុក ដែលនាំអោយ មានផលលំបាកច្រើន ជួនកាលមិនសមប្រកបមិនអាចមានថវិកាត្រលប់មកផ្ទះវិញផង ម៉្យាងទៀតប្រទេសលើសកលលោក កំពុងជួបវិបតិ្តការរីក រាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសជិតខាងបិទច្រកព្រំដែន និងរក្សាភាពប្រុងប្រយ័ត្ន មិនអាចឱ្យប្រជាជនចូលទៅធ្វើការក្រៅប្រទេសបាន។

ទន្ទឹមនឹងនេះក្រុមបច្ចេកទេសបាននិងកំពុងបំផុសឱ្យកសិករជំរុញ ការដំបន្លែដែលមានរយៈពេលខ្លី បន្ថែមទៀត ដើម្បីអាចជួយបង្កើនផលិតកម្មស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ បានច្រើនក្នុងពេលនេះ៕

Facebook Comments
Loading...