រកឃើញមធ្យោបាយល្មើស១២១៨គ្រឿងកាលថ្ងៃទី១៩ខែសីហា ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

0
6813

ភ្នំពេញ ៖ ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលចរាចរណ៍រកឃើញមធ្យោបាយល្មើសប្រមាណ ១២១៨គ្រឿង នេះបើយោងតាមរបាយការណ៍ ទទួលបានពីនាយកដ្ឋាននគរបាលចរា​ចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងចំណោមមធ្យោបាយដែលល្មើសច្បាប់ចរាចរណ៍ទាំង ១២១៨គ្រឿងនេះ ក្នុងនោះមានម៉ូតូចំនួន៤៩៩គ្រឿង និងយានយន្តផ្សេងៗទៀត រួមទាំងរថយន្ត៧១៩គ្រឿង។ ដោយឡែកសម្រាប់រយៈពេល១៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ លទ្ធផល នៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចនគរបាលចរាចរណ៍រកឃើញមធ្យោបាយល្មើសច្បាប់ សរុបប្រមាណ២៨២៧៣គ្រឿងនេះ ក្នុងនោះមានម៉ូតូចំនួន១១៨៧២គ្រឿង និងយានយន្តផ្សេងៗទៀត រួមទាំងរថយន្ត សរុបចំនួន ១៦៤០១គ្រឿង។

សូមជំរាបជូនឲ្យដឹងថា ចាប់ពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កម្លាំងនគរបាលចរាចរណ៍នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ .ប.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ .ប.ក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដែលបានតម្លើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី៣( បី )ទៅ៥( ប្រាំ )ដង។

សមត្ថកិច្ចនគរបាលចរាចរណ៍ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅព្រះរាជាណាចក្រកម្ពុជា៕

Facebook Comments
Loading...