រថយន្តកុងទឺន័របើកលឿនបួងចង្កូតក្រឡាប់ផ្ងារជើងសង្កត់ផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែង

0
962

ភ្នំពេញ ៖ រថយន្តកុងទឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿន មកដល់ផ្លូវកោង បួងចង្កូតខ្លាំងពេកធ្វើឲ្យក្រឡាប់ផ្ងាជើងម្ខាងជ្រុលទៅសង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់ផ្លូវរងការខូចខាតអស់ផ្នែកខាងមុខចំនួន២ល្វែងនិងបន្តកិនកន្លែងលក់ស្រាក្រឡុកផ្អើលអ្នកលក់និងនាក់ផឹករត់ជែងជើងគ្នា ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងទូកុងទឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C 6327 ដោយមានបិទស្លាកអក្សកាត់ខាងមុខHL ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងក៏បួងចង្កូតធ្វើឲ្យហើបកង់មួយចំហៀងក្រឡាប់ផ្ងាជើងសង្កត់ទៅលើផ្ទះវីងវេលុយនិងទ្រូម៉ានីវេលុយរងការខូចខាតអស់សំយ៉ាបខាងមុខនិងជញ្ចាំងមួយផ្ទាំង រួមទាំងបង្គោលស្លាកទ្រូម៉ានីមួយដើម។ មិនត្រឹមតែប៉ុណ្ណោះរថយន្តមិនទាន់អស់ល្បឿនក៏អូសទៅបុកកន្លែងលក់ស្រាក្រឡុករងការខូចខាតធ្វើឲ្យអ្នកលក់និងអ្នកអង្គុយផឹករត់ជាន់ជែងគ្នាសឹងតែមិនទាន់ តែសំណាងដែរមិនធ្វើឲ្យមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ទើបត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...