ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទុប់ជួលសង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ឆ្នាំមុខរបរសន្តិសុខរោងចក្រ មានស្រុកកំណើតនៅ ភូមិសង្គមមានជយ័ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ នៅតែម្នាក់ឯង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើត្រូវបានក្រុមហ៊ុនផ្អាកការងាររយះពេល២ខែមកហើយ ហើយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹង លុះមកដល់ថ្ងៃទី១៣ខែកក្កដា គាត់បានថ្អូញថ្អែប្រាប់អ្នកជិតខាងថាគាត់មិនសូវស្រួលខ្លួនសោះ លុះមកដល់វេលាកើតហេតុស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។
តាមការបំភ្លឺរបស់ឈ្មោះ ផេង ធីតា ភេទស្រីអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ត្រូវជា កូនសព បានអោយដឹងថានៅមុនពេលកើតហេតុ មានអ្នកជិតខាងបន្ទប់ជួល ម្តាយរបស់គាត់បានយកទូរសព្ទ័ម្តាយរបស់គាត់ខលទៅប្រាប់ថា ម៉ាក់របស់ក្មួយឈឺ មកមើលម៉ាក់ផង ហើយក៏បិទទៅ មួយសន្ទុះក្រោយមក អ្នកជិតខាង បានខលមកម្ដងទៀត ប្រាប់ថាម៉ាក់របស់ក្មួយស្លាប់បាត់ទៅហើយ ពេលនាងមកដល់ ក៏ឃើញម្តាយស្លាប់ ពិតប្រាកដមែន។ តាមការពិនិត្យនិងកោសល្យវិច្ចយ័ របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះ ស្លាប់ ដោយសារ គាំងបេះដូង។ បច្ចុប្បន្នសពត្រូវបាននគរបាលជំនាញប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័ន៕