ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងជួបកីឡាករឈឿង វ៉ៃ អ្នកប្រដាល់របស់ក្លិបនាគរាជចតុមុខ ដើម្បីសងសឹកអោយសិស្សប្អូន ខណៈកីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើងសងសឹកកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា នាថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លើសង្វៀនស៊ីអិនស៊ី។
កីឡាករឡៅ ចន្ទ្រា ដែលជួបជាមួយកីឡាករឈឿង វ៉ៃ ដើម្បីមកសងសឹកឲ្យសិស្សប្អូននេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឈឿង វ៉ៃ ជាកីឡាករស្រករក្រោយហើយទើបនិងឡើងកុដ។ បច្ចប្បន្ននេះកីឡាករឡៅ ចន្ទ្រា ប៉ុន្មាន៦ប្រកួតចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ថាប្រកួតឈ្នះរហូតនៅលើសង្វៀនប្រដាល់ទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរៈជាតិ។
ចំណែកកីឡាករឈឿង វ៉ៃ គេក៍ជាជើងខ្លាំងដែលកំពុងតែធ្វើអោយអ្នកទស្សនាចង់តាមដាននៃការប្រកួតរបស់គេផងដែរ ដោយពីប្រកួតចុងក្រោយគេបានផ្តួលជើងខ្លាំងពីរនាក់ជាប់ៗគ្នា ស្នៀតខ្លាំងរបស់គេបានទាំងព្រមតែម្តង គឺកណ្តាប់ដៃវាយចេញហើយ ស្នៀតជើងក៍ទៅតាមទៀតដែរ ពិសេសស្នៀតកែងរបស់គេតែម្តង។ ចាំមើលឡៅ ចន្ទ្រា អាចសងសឹកឲ្យសិស្សប្អូនបានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករសួន ចាន់នី ត្រូវឡើងសងសឹកនិងកីឡាករឡុង សំណាង ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាកាលពីសប្តាហ៍មុន ក្នុងនោះឡុង សំណាង បានយកឈ្នះលើសួន ចាន់នីដោយពិន្ទុ។ សួន ចាន់នី ជាអ្នកប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំកម្ពុជាម្នាក់នាពេលបច្ចប្បន្នដែល ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសជាច្រើននាក់មកហើយ គឺឈ្នះច្រើនជាងចាញ់ព្រោះស្នៀតក្បាច់គុណខ្មែរបុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះទេ។
ចំណែកកីឡាករ ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលសួន ចាន់នី អាចសងសឹកលើឡុង សំណាង បានដែរឬយ៉ាងណា?៕