រឿង សោភ័ណ្ឌ ជួបឡុង សុភី ខណៈសេក គឺមរួន ជួបឡុង ប៉េនលឿន ដើម្បីសាកកណ្តាប់ដៃ

0
1048

ភ្នំពេញ ៖ ​កីឡា​ករ​អ្នកលែងកណ្តាប់ដៃធ្ងន់ រឿង សោភ័ណ្ឌ អ្នកប្រដាល់របស់​ក្លិប​ម្កុដ​រាជសីហ៍ ឡើងសងសឹកនិងកីឡាករជង្គង់​ទិព្វ ឡុង សុភី អ្នកប្រដាល់នៃក្លិបកុលបុត្រ​គុនខ្មែរខណ្ឌទួលគោក​ ខណៈសេក គឺមរួន អ្នកប្រដាល់​របស់ក្លិម្កុដរាជសីហ៍ សាក​កណ្តាប់ដៃនិងឡុង ប៉េនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា លើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាសៅរ៍ទី៩ ខែ​ឧសាភា ឆ្នាំ២០២០​នេះ។

ក្នុងការប្រកួតកន្លងមក អ្នកប្រដាល់ទាំងពីររូបនេះ តាំងពីប្រកួតកន្លងមកធ្លាប់​ឈ្នះចាញ់​១​ប្រ​កួតម្នាក់។ ហើយការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិបើនិយាយអំពី​បច្ចេកទេសរបស់កីឡាករ​ទាំងពីរ​វិញ ឡុង សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ព្រោះគេបានខាងកម្ពស់ដៃវែងជើងវែង ពេលប្រកួតរាល់​លើក​ភាគ​ច្រើន សុទ្ធតែផ្តួលគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។

ចំណែកកីឡាកររឿង សោភ័ណ្ឌ វិញគេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លី​ជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយបើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាកឡើយ។ ចាំមើល​កីឡាកររឿង សោភ័​ណ្ឌ អាចសងសឹកលើកី​ឡាករឡុង សុភី បានដែរឬយ៉ាងណា?។

ដោយឡែកសេក គឺមរួន ឡើងសាក​កណ្តាប់ដៃនិងឡុង ប៉េនលឿន ក្នុងប្រ​ភេទ​ទម្ងន់​៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ការប្រកួតរបស់សេក គឹមរួន កន្លងមកបើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពី​មួយ​ប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។

រីឯកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀត​កាច់​ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើ​បានដែល​អាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។ ចាំមើល​រវាឡុង បេនលឿន និងកីឡាករសេក គឺមរួន នេះនរណាជាអ្នក​ឈ្នះ?៕

Facebook Comments
Loading...