ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចស្លាកលេខរថយន្តនៅតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការចាប់បង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងស្លាកលេខរថយន្តជាច្រើនគ្រឿងផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយបន្តការស្រាវជ្រាវរកបក្ខពួក និងគូកនដែលធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តរបស់គេដែលសេសសល់ម្នាក់ទៀតនោះ រហូតមកដល់វេលាម៉ោង១៣រសៀលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញបានឃាត់ជនសង្ស័យម្នាក់ នៅចំណុចផ្ទះខ្មោចភូមិ៣ សង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់បង្ក្រាបបានបន្តបន្ទាប់នេះ ទី១.ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិ០៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ទី២.ឈ្មោះច័ន្ទ មករា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅចំណុចផ្ទះខ្មោច ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
សមត្ថកិច្ចផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា លទ្ធផល នៃការស្រាវជ្រាវឈានដល់ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពលួចស្លាកលេខរថយន្ត គឺកាលពីយប់ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញនិងប៉ុស្តិ៍រដ្ឋបាលផ្សារចាស់ បានបើកការស្រាវជ្រាវលើមុខសញ្ញាលួចស្លាកលេខរថយន្ត ដែលកិច្ចប្រតិបត្តិការនេះ បន្តតាមច្បាមរហូតដល់វេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤។
សមត្ថកិច្ចដដែលនោះបានបន្តទៀតថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិ០៣ សង្កាត់ផ្សារចាស់។ ចំណែកវត្ថុតាងចាប់យកមានទី១.ស្លាកលេខរថយន្តចំនួន០៦គូ ស្មើ១២សន្លឹក ដែលមានលេខដូចខាងក្រោម ៖– ភ្នំពេញ 2AR:4712 ចំនួន០២សន្លឹក– ភ្នំពេញ 2AR:0509 ចំនួន០២សន្លឹក– ភ្នំពេញ 2AB:6207 ចំនួន០២សន្លឹក– ភ្នំពេញ 2AS:2485 ចំនួន០២សន្លឹក
– ភ្នំពេញ 2AU:6487 ចំនួន០២សន្លឹក– ភ្នំពេញ 2BA:2430 ចំនួន០២សន្លឹក
ទី២.ឧបករណ៍សម្រាប់កាច់សោកុងតាក់ម៉ូតូចំនួន០១។ទី៣.សោសម្រាប់ដោះ(ទួរណឺវិស)ស្លាកលេខរថយន្តចំនួន០៥ដើម។ទី៤.កាបូបខ្មៅ សម្រាប់ដាក់ស្លាកលេខចំនួន០១។សមត្ថកិច្ចបន្តថា ក្រោយពីបានប្រើប្រាស់វិធានការជំនាញសួរយកចម្លើយ ជនសង្ស័យខាងលើសារភាពថា ខ្លួនមានបក្ខពួកចំនួន០២នាក់ តែងធ្វើសកម្មភាពលួចស្លាកលេខរថយន្តនៅតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញចំនួន១០លើក សរុបបានស្លាកលេខចំនួន២០សន្លឹករួមមាន ៖-ធ្វើសកម្មភាព កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចំនួន០២លើក នៅចំណុចក្រោយមន្ទីរពេទ្យអង្គឌួង១លើក និងនៅមុខផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ១លើក។
-ធ្វើសកម្មភាព កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចំនួន០៣លើក នៅចំណុចតំបន់ផ្ទះសំណាក់ចំហៀងផ្សារសូរិយា ផ្លូវ១៥៤ ០១លើក នៅមុខបេនឡានបាត់ដំបង សង្កាត់ផ្សាថ្មីទី២ ០១លើក និងនៅក្រោយសណ្ឋាគារញ៉ូវយ៉ក(វត្តកោះ) សង្កាត់បឹងរាំង ០១លើកទៀត។-ធ្វើសកម្មភាពកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ចំនួន០២លើក នៅចំណុចស្តុបដេអិន ខណ្ឌ៧មករា ចំនួន១លើក និងនៅមុខវត្តសារ៉ាវត្ត សង្កាត់ចតុមុខ។
-ធ្វើសកម្មភាព កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ចំណុចមុខវត្តមង្គលវន្ត សង្កាត់មនោរម្យ ខណ្ឌ៧មករា ចំនួន១លើក។-ធ្វើសកម្មភាពកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ចំណុចក្រោយពេទ្យកុមារជាតិ ខណ្ឌទួលគោក ចំនួន១លើក។-ធ្វើសកម្មភាព កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃ ខណ្ឌទួលគោក ចំនួន១លើក។
ប្រភពព័ត៌មានដដែលបន្តថា ដោយយោងតាមចម្លើយសារភាពខាងលើ សមត្ថកិច្ច ក៏បានបន្តស្រាវជ្រាវរកបក្ខពួក គូកនធ្វើសកម្មភាពម្នាក់ទៀត រហូតមកដល់វេលាម៉ោង១៣និង០០នាទីថ្ងៃខែដដែល កម្លាំងជំនាញ ក៏បានធ្វើការឃាត់ខ្លួនតែម្តង នៅចំណុចផ្ទះខ្មោច ភូមិ៣ សង្កាត់ផ្សាចាស់ ឈ្មោះ ច័ន្ទ មករា ភេទប្រុស អាយុ២២ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការសួរយកចម្លើយ បន្តស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្ម ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី។ និងទិសដៅបន្ត អធិការដ្ឋាន និងប៉ុស្តិ៍ទាំង១១ ជំរុញការស្រាវជ្រាវ និងបន្តបើកការបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕