កីឡាករកម្ពុជា៣នាក់មាននី សុភី ពុទ្ធ ឆាយរិទ្ធី និងប៉ឺត ចិត្រា ឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃ

0
1116

ភ្នំពេញ ៖ កីឡាករជើងខ្លាំងនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ឡើងជួបកីឡាករថៃPhit Ubun ខណៈកីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ជួបកីឡាករថៃPhusang Yai រីឯកីឡាករស្រករក្រោយប៉ឺត ចិត្រា ជួបកីឡាករRak thai នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២០។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករថៃPhit Ubun ក្នុងប្រភេទទម្តន់៦៧គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ នោងស្នៀតកាច់ផ្តួល។

រីឯកីឡាករនី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភី គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា នី សុភី មួយ​រយៈ​ចុងក្រោយនេះ​កំពុងក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំណាង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ ចាំមើលការប្រកួតនេះនី សុភី ជាអ្នកឈ្នះឬកីឡាករថៃPhit Ubun?។

ចំណែកកីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយ​កីឡាករថៃ Phusang Yai នេះក្នុងប្រ​ភេទ​ទម្ងន់៦៧គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក ហើយក៍គេមិន​ដឹងស​មត្ថភាពកីឡាករថៃម្នាក់នេះមានវិជ្ជាគុនបែបណាដែរ។ រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។

ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។​ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃ Phusang Yai?។

ដោយឡែកកីឡាករប៉ឺត ចិត្រា ជួបជាមួយកីឡាករRak Thai ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម កីឡាករទាំង២នាក់នេះមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ការប្រកួតរវាងកីឡាករទាំង២នាក់នេះមិនមានអ្នកណាហ៊ានទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃជាអ្នកឈ្នះនោះទេព្រោះពួកគេជាកីឡាករជើងថ្មីដូចគ្នា។ ចាំមើលរវាងប៉ឺត ចិត្រា និងកីឡាករRak Thai នេះនរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...