ខេម ចាន់ ដឹកដៃវ៉ាន់ វឿន ជួបកីឡាករថៃដើម្បីដណ្តើមប្រាក់លាន

0
1208

ភ្នំពេញ ៖ កីឡាករខេម ចាន់ អ្នកប្រដាល់ប្រចាំក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ កៀកស្មារនិងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃVasovang Winubun និងកីឡាករChhuper Winubun នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២០។

កីឡាករខេម ចាន់ ជួបជាមួយកីឡាករថៃVasovang Winubun ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ កីឡាករថៃភាគច្រើនពួកគេពូខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូរប្រកួតឲ្យដួលទាំងជំហរ ហើយកីឡាករកម្ពុជា មិនសូវមាននរណាអាចធ្វើបានដូចពួកគេនោះទេ។

រីឯកីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត ជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ វាយចេញចូលរហ័ស គូប្រកួតល្មមៗមិនអាចឈរជើងជាមួយគេបាន៥ទឹកនោះទេ។ កូនសិស្សលោកគ្រូ ហង់ សឿន ធ្លាប់ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនឆ្នាំកន្លងមកហើយ ហើយបច្ចប្បន្នកំពុងមានប្រជាប្រីយ៍ភាព បានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗនោះ។ ចាំមើលកីឡាករខេម ចាន់ និងកីឡាករថៃVasovang Winubun នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?។

ដោយឡែកកីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះChhuper Winubun ដោយ​ប្រកួត​ក្នុង​ទម្ងន់៥៤គីឡូក្រាម។ អ្នក​ប្រដាល់​ថៃរូបនេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដងមក​​ហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះលើកីឡាករថៃChhuper Winubun បាន​ឬ​អត់​នោះទេ?។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏Chhuper Winubun ជាអ្នកឈ្នះទទួលបានប្រាក់លាន?៕

Facebook Comments
Loading...