ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា៣នាក់មាន ប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ ខណៈកីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់ក្លិបអេភូថងកីឡា ជួបកីឡាករលីងលំ ប៉.យុទ្ធភូមិ រីឯកីឡាករលី ភា អ្នកប្រដាល់មកពីក្លិបប៉ែនកាក់គុនខ្មែរ ឡើងសាកកណ្តាប់ដៃនិងកីឡាករភីផូស៊ី សំបួនផានិត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២០នេះ។
កីឡាករប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងប្រកួតជាមួយកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែការប្រកួតនេះត្រូវអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយឈ្នះច្រើនលើអ្នកប្រដាល់ថៃម្នាក់នេះ បោះទោះបីជាពួកគេមិនធ្លាប់ជួបគ្នាក៍ដោយ។
កីឡាករប៉ោ ភារិទ្ធ គេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ និងមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត ហើយធ្លាប់ជួបប្រកួតជាមួយថៃច្រើននាក់ឈ្នះច្រើនជាងចាញ់ ដូចនេះមិនជាពិបាកក្នុងការយកឈ្នះលើកីឡាករថៃម្នាក់នេះឡើយ។ ចាំមើលកីឡាករប៉ោ ភារិទ្ធ អាចយកឈ្នះលើកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ បានដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?។
ចំណែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់មកហើយ មានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលទាំងជំហរ តែយ៉ាងណាស្នៀតកណ្តាប់ដៃ និងកែងរបស់គេប្រើបានដែរ តែមិនច្បាស់ដូចកីឡាករកម្ពុជានោះទេ។
រីឯកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះរហូតផងដែរ។ កីឡាករវ័យក្មេងរបស់កម្ពុជារូបនេះចេះក្បាច់គ្រប់ស្នៀត ហើយវាយមិនមើលងាយគូប្រកួតនោះទេ តែយ៉ាងណាការប្រកួតដែលគេមើលឃើញថា អាចយកឈ្នះបានគឺគេមិនប្រស់នោះទេ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?។
ដោយឡែកការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃភីផូស៊ី សំបួនផានិត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃវិជ្ជាគុនរបស់គេមិនខុសពីកីឡាករគ្នាប៉ុន្មានឡើយ គឺខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលទាំងជំហរ។
ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃភីផូស៊ី សំបួនផានិត នរណាជាអ្នកឈ្នះ?៕