កណ្តាល ៖ មនុស្សប្រុសស្រី ក្មេងចាស់មួយគ្រួសារមានគ្នា៤នាក់ (បូកទាំងគភ៌ក្នុងផ្ទៃ) បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈអ្នកដំណើរ ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់មួយ បណ្តាលមកពីរថយន្តដឹកទឹក ក្រឡាប់កិនពីលើកង់បីឥណ្ឌា ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ ២០២០ ស្ថិតនៅចំណុចស្តុបព្រែកហូ ផ្លូវជាតិលេខ ២ ភូមិតាក្តុលខាងត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៍មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានអ្នកដំណើរមួយក្រុម ធ្វើដំណើរតាមមធ្យោបាយម៉ូតូកង់បី និងរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ លុះដល់ចំណុចភ្លើងស្តុបត្រង់កន្លែងកើតហេតុខាងលើ ក៏បានចតឈប់ រងចាំភ្លើងសញ្ញាបៃតង ប៉ុន្តែស្របពេលនោះ មានរថយន្តដឹកទឹកមួយគ្រឿងបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ព្រោះប្រញាប់ឲ្យទាន់ភ្លើងស្តុបបៃតង ដោយអ្នកបើកបររថយន្តដឹកទឹកជាន់ហ្គែរថយន្តបន្ថែម និងបួងចង្កូតបម្រុងបត់ស្តាំក្នុងល្បឿនលឿន បែរទប់ជំហរមិនជាប់ បណ្តាលឲ្យរថយន្តក្រឡាប់សង្កត់ចំជនរងគ្រោះជាច្រើននាក់កំពុងឈប់នៅភ្លើងស្តុប មានទាំងកង់បីឥណ្ឌ មានអ្នកជិះ ៤នាក់ មានប្តី ប្រពន្ធ កូនតូចម្នាក់ និងកូនក្នុងផ្ទៃ រួមនឹងម៉ូតូ៣គ្រឿងទៀត បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់ ដោយជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្ត សង្គ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ដោយឡែក អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចនគរបាលជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងស្ទូចយករថយន្តបង្ក ម៉ូតូកង់បី ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសពមួយគ្រួសារមានគ្នា ៤នាក់ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕