ភ្នំពេញ ៖ ក្មេងស្រីប្រុស៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវបង្រ្កាបក្នុងករណីលួចកាបូប លុយនឹងទូរសព្ទ័នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខនិងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់នៅចំណុចមុខវិទ្យាស្ថានជាតិអប់រំផ្លូវព្រះសុរាម្រតិ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាអត្តសញ្ញាណជនសង្ស័យត្រូវឃាត់ខ្លួនគឺទី១.ឈ្មោះ សាត ស្រីណែត ភេទស្រី ភេទអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ២៣ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទិ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី២.ឈ្មោះ អួង កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣.ឈ្មោះ យិន សាមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យករួមមានទូរស័ព្ទចំនួន០២គ្រឿង ១គ្រឿងម៉ាកIPhone6 ពណ៍មាស និងទី២ម៉ាកOPPO ពណ៍ក្រហម។ចំណែកជនរងគ្រោះឈ្មោះ ឃុន សុភទ្រា ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។និងសម្ភារះបាត់បង់មានលុយចំនួន៣០០$ អត្តសញ្ញាណប័ណ្ណ ០១សន្លឹក លេខ061509943ប័ណ្ណសម្គាល់ទោចក្រយានយន្ត ០១សន្លឹកកាតធនាគារ ០១សន្លឹកទូរស័ព្ទដៃ ម៉ាកIPhone 5 ពណ៍ខ្មៅ ០១គ្រឿង (ជារបស់ជនរងគ្រោះ)។
សមត្ថកិច្ចបន្តថាសកម្មភាពរឿងហេតុ គឺកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង១១និង០០នាទីជនរងគ្រោះឈ្មោះ ឃុន សុទ្រា បានទទួលសញ្ញាបត្រ័ហើយដើរចេញពីវិទ្យាស្ថានជាតិអប់រំ មកខាងក្រៅ មកដល់លើសួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ផ្លូវព្រះសុរាម្រិត ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូពេញ រាជធានីភ្នំពេញ ជនរងគ្រោះក៏បើកកាបូបស្ពាយស្រាប់តែបាត់កាបូបតូចតែម្តង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិនឹងខណ្ឌបាន ធ្វើការស្រាវជ្រាវចុះដល់ទីកន្លែងកើតហេតុពិនិត្យ ហើយកំណត់បានមុខសញ្ញា ជនសង្ស័យធ្វើសកម្មភាពរហូតដល់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ឈ្មោះសាត ស្រីណែត ឈ្មោះ អួង កែវ និងឈ្មោះ យិន សាមរ៉ា ខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ចំណុះអោយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការសាក់សួរ។
សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង០៣នាក់ខាងលើធ្លាប់ធ្វើសកម្មភាពលូកយកទ្រព្យសម្បត្តិតាមដងផ្លូវជាច្រើនលើក។ ចំពោះមុខកម្លាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើវិធានការជំនាញសួរចំលើយស្រាវជ្រាវរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយកសាងសំណុំរឿងតាមនិតិវិធី៕