ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ផលិតផលក្លែងក្លាយចំនួន ២២មុខ ប្រមាណជាង៨តោន ត្រូវបានកម្ទេចចោល ក្រោមអធិបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បន្ទាប់ពីលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបជម្រាបជូនអំពីស្ថានភាព ទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានាក្នុងខេត្តជូនអង្គពិធីរួចមក លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថាសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ចនានា និងព្រះរាជអាជ្ញា ចុះបង្រ្កាបផលិតផលក្លែងក្លាយ ក្នុងសហគ្រាសនៅក្នុងខេត្តកំពង់ធំ បានរកឃើញទំនិញខូច និងហួសកាលបរិច្ឆេទ ព្រមទាំងបានរឹបអូសយករក្សាទុកនាពេលកន្លងមកបានចំនួន២២មុខ ប្រមាណជាង៨តោន ដែលនឹងត្រូវកម្ទេចចោលពេលនេះរួមមាន៖ -ទឹកក្រូចBig Cola -ទឹកក្រចVolt -ទឹកក្រូច Royal Honey lemon ចំណុះ ៥០០ ម.ល -តែបៃតង Green tea ចំណុះ ៥០០ ម.ល -ទឹកក្រូច Stronger -ទឹកក្រូច Aloevera ចំណុះ ៣៨០ ម.ល -ស្រាបៀ Beer Grown -តែ Oishi Green tea ចំណុះ ៣៨០ ម.ល -Bireleys ចំណុះ ២៩០ ម.ល -ទឹកក្រូច LP ពណ៌ក្រហម ចំណុះ ២ ល -ទឹកក្រូច LP ពណ៌ទឹកក្រូច ចំណុះ ២ ល -ទឹកក្រូច LP ពណ៌លឿង ចំណុះ ២ ល -ទឹកក្រូច LP ពណ៌ស ចំណុះ ២ ល -ទឹកក្រូច Raindy ខៀវ ចំណុះ ១.២៥ ម.ល -ទឹកក្រូច Raindy ខ្មៅ ចំណុះ ១.២៥ ម.ល -ទឹកក្រូច VAVA -ទឹកសុទ្ធ Evian -ទឹកសុទ្ធ LP វិទូ ចំណុះ ៣៣០ក្រាម -មេទឹកក្រូច ស្ករអំពៅ -លក្ខ Sunset ចំណុះ ៥០០ក្រាម -មេក្លិនក្រូច A3923 -លក្ខ Apple Green។
មានប្រសាសន៏សំណេះសំណាលនាឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា បានថ្លែងថា រៀងរាល់ថ្ងៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានខិតខំយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល បានពង្រឹងការស្រាវជ្រាវ ស៊ើបអង្កេតដោយសហការជាមួយកម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំព័ត៌មាន ព្រមទាំងកំណត់មុខសញ្ញា និងទីតាំង ក្នុងការបង្រ្កាប ដោយមិនបណ្តែតបណ្តោយ ទុកអោយ មុខសញ្ញាជាឈ្មួញមានឱកាស ធ្វើសកម្មភាពរំលោភលើច្បាប់ នៅក្នុងសង្គមឡើយ ។
ក្នុងនោះផងដែរលោកបានផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរឹតទាំងឡាយ ត្រូវតែបញ្ឍប់ជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់ ដែលបង្កហានិភ័យខ្ពស់ដល់សង្គមជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះគឺមានតែការពួតដៃ និងកហការគ្នា ពីគ្រាប់បណ្តាក្រសួង ស្ថាប័ន និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ទើបយើងអាចទប់ស្កាត់បទល្មើសនេះបានប្រកបដោយប្រសិទ្ធភាព។
ជាចុងក្រោយឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផ្សេងៗដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារអោយបានទាន់ពេលវេលានិងមានប្រសីទ្ធិភាព៕