រថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដៃ ប្រភេទដឹក​ប្រេង​មួយ​គ្រឿងឆ្លង​ចរន្ត​អគ្គិសនី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង

0
786

តាកែវ​ ៖ រថយន្ត​ម៉ាកហ៊ី​យ៉ាន់​ដៃ ប្រភេទដឹក​ប្រេង​មួយ​គ្រឿង ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី អាគុយ​រថយន្ត ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ដែល​កំពុងតែ​បើក​បរ​ដឹក​ប្រេង​នៅ​លើ​ផ្លូវ​យក​ទៅ​ឲ្យ​ម៉ូយ​ដូច​រាល់ថ្ងៃ​ ហេតុការណ៍​នេះ​ បាន​កើតឡើង​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច នៅ​ចំណុច ភូមិ​ក្រាំង​តា​មូង ឃុំ​តា​អូ ស្រុក​គីរីវង់ ខេត្ត​តាកែវ។

លោក ទៀ សូ​រិ​យ៉ា ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្រុក​គីរីវង់​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ប្រេង​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​នេះ​ម៉ាក ហ៊ី​យ៉ាន់​ដៃ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2A 4810 មាន​ផ្ទុក​ប្រេងម៉ាស៊ូត​ចំនួន ៥០ ប៊ីដុង និង​ប្រេងសាំង​ចំនួន ០២ ប៊ីដុង នៅ​លើ​រថយន្ត។ ដោយឡែក​អ្នកបើកបរ​មានឈ្មោះ​ជិន ជឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សុបិន ឃុំ​ព្រៃ​អំពក ស្រុក​គីរីវង់ មិន​មាន​រង​របួស​អ្វី​ឡើយ។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ប្រេង​ខាងលើ​បាន​ធ្វើ​ដំណើរ​ដឹក​ប្រេង​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ លុះ​ពេល​បើកបរ​មកដល់​ចំណុ​ច​កើតហេតុ​ស្រាប់តែ​ ឃើញ​រថយន្ត​បាន​ឆាបឆេះ​សន្ធោសន្ធៅ ​ដោយ​គ្មាន​នរណា​ជួយ​ពន្លត់​ទាន់​ឡើយ ព្រោះ​នៅ​លើ​រថយន្ត​នោះ​សុទ្ធតែ​ប្រេង​ ទើប​ភ្លើង​ឆាបឆេះ​យ៉ាង​លឿន សូម្បី​អ្នកបើកបរ​រត់​ចុះ​ស្ទើរ​តែ​មិនទាន់​។

​ចំណែក​តៃកុង​រថយន្ត​ បាន​ប្រាប់​នគរ​បាល​ចរាចរណ៍​ស្រុក​គីរីវង់ថា ការ​ឆាបឆេះ​នេះ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​ភ្លើង​អាគុយ​ឡាន​ ទើប​ធ្វើ​ឲ្យ​ឆេះ​ខូចខាត​រថយន្ត​និង​សម្ភារៈ​ទាំងស្រុង​។ ក្រោយពេល​ភ្លើង​ឆេះ​រថយន្ត​អស់ ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការ​នគរបាល​ស្រុក​ទៅដល់ និង​បាញ់​ទឹក​ចោល​អស់ មួយ​រថយន្ត​ផង​ដែរ​៕

 

Facebook Comments
Loading...