អបអរផ្សារកសិផលធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមដាក់ដំណើរការនៅថ្ងៃ១៥ ខែ មិនានេះហើយ

0
821

ភ្នំពេញ ៖ បងប្អូនខ្មែរយើងប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិ របស់កសិករខ្មែរ បន្ថែមលើទំនួញដីធ្លី ផ្ទះល្វែងក៏ដូចជាផលិតកម្ម ដែលលោកកំពុងមានរាល់ថ្ងៃ គ្រោងបើកផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ត្រូវបានមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ។ 

នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ផ្សារមួយនេះ នឹងបើកដំណើរការសាកល្បង ដែលតាំងផ្សារគឺនៅកណ្ដាល Olympia តែម្ដង។ តាមការបញ្ជាក់ពីលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្ននេះក្រុមការងារលើជំនាញកសិកម្ម របស់លោកឧកញ៉ា រួមទាំងលោកឧកញ៉ាផងដែរនោះ បានចុះទៅដល់ ស្ទើរគ្រប់ខេត្តក្រុងដែលមានការដាំដុះបន្លែផ្លែឈើធម្មជាតិ ក្នុងនោះដែរបានចងក្រងជា ភ្នាក់ងារដាំបន្លែផ្លែឈើតាមលក្ខណៈបច្ចេ​កទេសត្រឹមត្រូវ សម្រាប់ផ្គត់ផ្គង់មកផ្សាររបស់លោក ដោយខាងក្រុមហ៊ុន នឹងចាំទទួលទិញកសិផលរបស់ពួកគាត់ យកមកលក់បន្ត នៅតម្លៃដែលពួកគាត់អាចទទួលយកបាន។ ទន្ទឹមគ្នានោះដែរ បន្លែផ្លែឈើក៏ដូចជា ត្រីសាច់ ដែលបងប្អូនកសិករផលិតមកនោះ សុទ្ធតែត្រូវបានធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន។” ផ្សារយើងធ្វើខុសគេ យើងលក់តែកសិផលធម្មជាតិខ្មែរទេ ផលិតផលនាំចូលពីក្រៅប្រទេសអត់ទទួលលក់ទេ មុនដាក់លក់យើងសុទ្ធតែ ធ្វើតេស្តជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកដាក់លក់ក្នុងផ្សារបាន ហើយបើក្រុមកសិករណាមួយ ដាំយកមកលក់ឲ្យយើង ហើយពិនិត្យឃើញមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់យកមកលក់ហើដោយយើងគិតលើសុខភាពជាធំ” ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបញ្ជាក់។

វត្តមានផ្សារទំនើបរបស់លោកឧកញ៉ាវ័យក្មេងដែលកំពុងតែមានប្រជាប្រិយ ទទួលលក់តែកសិផលធម្មជាតិរបស់កសិករខ្មែរ ត្រូវបានមហាជនរំពឹងថា នឹងជួយសម្រួល ទុក្ខលំបាករបស់ប្រជាកសិករខ្មែរ លើបញ្ហាពិបាករកទីផ្សារលក់កសិផល ឬតម្លៃថោកពេក។ តាមផែនការ “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” មិនមែនធ្វើតែ១ទីតាំង ឬ២ទីតាំងឡើយផ្សារមួយនេះ គ្រោងពង្រីករហូតដល់ទៅ២៥០ សាខាទូទាំងប្រទេសឯណោះ ដែលជំហ៊ានដំបូង គឺសម្រុកធ្វើនៅភ្នំពេញ នឹងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរី ក៏ដូចជា ទីប្រជុំជនធំៗ នឹងមានវត្តមាន “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែង នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឧកញ៉ា។

ដើម្បីឲ្យកាន់តែមានភាពងាយស្រួលនឹងទំនើបនោះ ខាងក្រុមហ៊ុនបានរៀបចំការកម្មង់ទិញ តាមអនឡាញ ឬតាមលេខទូស័ព្ទ ដោយគ្រាន់តែ លោកអ្នកខលមក ឬកម្មង់តាម អែបត្រឹមតែ២០នាទី បន្លែផ្លែឈើ ឬត្រីសាច់ ដែលលោកអ្នកកម្មង់នោះ នឹងដឹកជូនផល់ផ្ទះលោកអ្នកតែម្ដង។

ប៉ុន្មានថ្ងៃមុននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសដែរថា នឹងកាត់បន្ថយការនាំបន្លែ សាច់ ពីប្រទេសខាងក្រៅ ដោយការបង្កើនដាំដុះ និងចិញ្ចឹមក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗ។ សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម និងប្រទេសថៃ ដោយចំណាយថវិកាប្រមាណជាងពីររយលានដុល្លារអាមេរិក ខណៈ មន្រ្តីអះអាងថា ការដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ជាដើមនោះ៕

Facebook Comments
Loading...