បន្ទាយមានជ័យ ៖ ជនបង្កម្នាក់បានជិះរថយន្តទំនើបរបស់ខ្លួន ក្នុងសភាពទ្រេតទ្រោត បើកក្នុងសភាពមិនទទួលខុសត្រូវ ទៅបុកតូបលក់អីវ៉ាន់ និងបុកចូលផ្ទះអ្នកស្រុក បណ្តាលឲ្យស្ត្រីអ្នកលក់អីវ៉ាន់នៅមុខផ្ទះរងរបួសធ្ងន់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនបង្កបើករថយន្តនោះមានឈ្មោះ ពិន សាវឿត ជិះរថយន្តទំនើបម៉ាកLexus៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA 8009។
សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះ ជនបង្ក បានជិះរថយន្តទំនើបរបស់ខ្លួន ក្នុងសភាពទ្រេតទ្រោត បើកក្នុងសភាពមិនទទួលខុសត្រូវ ទៅបុកតូបលក់អីវ៉ាន់ និងបុកចូលផ្ទះអ្នកស្រុក បណ្តាលឲ្យស្ត្រីអ្នកលក់អីវ៉ាន់នៅមុខផ្ទះនោះរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ប្រជាពលរដ្ឋ បានឃើញហេតុការណ៍នេះបាននិយាយថា ឈ្មោះ ពិន សាវឿត ជិះរថយន្តទំនើបនោះត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលខ្លួនបង្កក្នុងការបើកបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសស្ត្រីម្នាក់ និងខូចខាតផ្ទះសម្បែងពលរដ្ឋនៅទីគ្រោះថ្នាក់នេះ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តទំនើបខូចខាតច្រើនដែរ ត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅតាមក្រោយ៕