ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដឹកដៃកីឡាករម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ និងកីឡាករយ៉តកុស៊ុន ច.ថាក់វិឆ័យ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
រវាងកីឡាករគឹម វាសនា និងកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់ជួបគ្នាទេនាពេលកន្លងមកនៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមានកណត់ត្រាប្រកួតបែបណានោះទេ តែកីឡាករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និងជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ទោះជាយ៉ាងណា អ្នកប្រដាល់ថៃវីណៃឡេក ផ.រ៉ាំងសាន់ រូបនេះ មិនប្រាកដថាអាចឈ្នះ គឹម វាសនា បាននោះឡើយ ព្រោះថា គឹម វាសនា ពេលនេះគេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ បន្ទាប់ពីគេជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកនេះ។
គឹម វាសនា ឥឡូវគេជាជើងខ្លាំងរបស់កម្ពុជា ក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាមនេះ។ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសជាច្រើនលើកកន្លងមកនោះ បានធ្វើឲ្យគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃ ដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចរអាអ្វីបន្តិចឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ គឹម វាសនា និងកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ តើនរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។
ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករថៃម្នាក់នេះជាកីឡាករជើងថ្មី តែយ៉ាងណាកីឡាករថៃភាគច្រើនវិជ្ជាគុនរបស់ពួកគេ មិនសូវជាខុសគ្នាប៉ុន្មាននោះទេ គឺពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។
ចំណែកកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀនជួបទាំងកីឡាករកម្ពុជា និងកីឡាករបរទេស និងទទួលបានជ័យជម្នះរហូតផងដែរ។ កីឡាករវ័យក្មេងរូបនេះធ្លាប់ចេញទៅប្រកួតនៅក្រៅស្រុកជាច្រើនលើក ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងស្នៀតកែងដ៍មុតស្រួចរបស់គេ ដែលធ្លាប់បានធ្វើឲ្យកីឡាករទាំងក្នុងស្រុកនិងក្រៅស្រុក បែកដោយសារស្នៀតកែងទាំងនេះ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?៕