ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១និងកីឡាករសេក គឹមរួន អ្នកប្រដាល់របស់អង្គរមានជ័យសៀមរាប ប្រកួតជម្រុះខ្សែក្រវ៉ាត់ជាមួយកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ និងកីឡាករផេតខេមរ៉ាជ អ៊ីមីនិនអេ ខណៈកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបសាកកណ្តាប់ដៃជាមួយកីឡាករអ៊ីរ៉ង់MOSTAFA នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។
រីឯកីឡាករស្រករក្រោយកូយ ឡាយ គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេសស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមានស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ សម្រាប់ការជួបគ្នារវាង កូយ ឡាយ និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នេះមិនមាននរណាហ៊ានទស្សទាយមុនថានរណាជាអ្នកទទួលបានជ័យជំនះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។
ចំណែកកីឡាករសេក គឹមរួន ត្រូវជួបជាមួយកីឡាករថៃផេតខេមរ៉ាជ អ៊ីមីនិនអេ ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមខ្សែក្រវ៉ាត់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ បើទោះបីជាសេក គឹមរួនជាអ្នកប្រដាល់ជើងថ្មីក៍ពិតមែនតែគេបានឡើងបានឡើងប្រកួតទាំងលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិញញឹកញាប់ដូចកីឡាករដទៃទៀតដែរ ដោយកីឡាកររូបនេះ ការប្រកួតរបស់គេកន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍ខ្សោយទៅតាមនោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។
ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជាកីឡាករមានចិត្តប្រដាល់ធំ ព្រមទាំងកម្លាំងស៊ុហ្វខ្លាំងថែមទៀត។ បើតាមក្រុមអ្នកវិភាគប្រដាល់អះអាងថា សម្រាប់ការប្រកួតនេះកីឡាករសេក គឹមរួន គឺសង្ឃឹមឈ្នះលើគូប្រកួតហាសិបភាគរយប៉ុណ្ណោះបើទោះជាពួកគេមិនដែលជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករសេក គឹមរួន និងកីឡាករថៃផេតខេមរ៉ាជ អ៊ីមីនិនអេ នណាជាអ្នកឈ្នះបាន៣ពិន្ទុ?។
កីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់MOSTAFA នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់MOSTAFA មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករអ៊ីរ៉ង់MOSTAFA នរណាជាអ្នកឈ្នះ?៕