កីឡាបរទេស ៖ Mauricio Pochettino អ្នកចាត់ការក្រុម Spurs បានសុំទោសចំពោះក្រុម Manchester United ក្រោយពីកីឡាកររបស់ខ្លួនលេងសាហាវពេក ក្នុងការប្រកួតមិត្តភាពកន្លងទៅនេះ។
Man Utd បានយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ២-១ ប៉ុន្តែការប្រកួតនេះហាក់ដូចជាតឹងតែងខ្លាំង។ មានកីឡាករ Man Utd ជាច្រើនត្រូវទ្រោមខ្លួន ដោយសារតែខាងកីឡាករ Spurs លេងកាចពេក។
ជាក់ស្ដែង Moussa Sissoko បានធាក់កីឡាករ Daniel James ដែលដួលទៅលើស្មៅទៅហើយ ប៉ុន្តែក៏មិនទទួលបានកាតក្រហមនោះទេ។ ខណៈដែល Dele Alli វិញ សម្រាប់ការប្រកួតនេះក៏លេងកាចថែមទៀត។កាយវិការនេះហើយ ទើបបានជាលោក Pochettino សុំទោសចំពោះក្រុម Man Utd វិញ ដោយនេះគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ មិនគួរណាកីឡាករក្រុមខ្លួនលេងកាចនិងប្រឹងប្រែងខ្លាំងយ៉ាងនេះនោះទេ។ លោកក៏រំពឹងថាគ្រូបង្វឹកក្រុមបិសាចក្រហមយល់ពីស្ថានភាពក្នុងការប្រកួតនេះផងដែរ៕