ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅបានបង្កើន ការយកចិត្តទុកដាក់លើការងារ សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ នៅតំបន់ស្ពានព្រែកព្នៅ ជារាងរាល់ថ្ងៃតែម្តង ហើមួយសប្តាហ៍អាជ្ញាធរខណ្ឌធ្វើការសំអាតជាលក្ខណៈទ្រុងទ្រាយធំម្តង ដែលមានការចូលរួមពីមន្ទីរសាធារណៈការ តាមរយៈសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ផងដែរ។
ដោយអនុវត្តតាមការណែនាំពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដើម្បីពង្រឹងសុវត្ថិភាព និងបង្កើន ការយកចិត្តទុកដាក់លើការងារ សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ នៅតំបន់ស្ពានព្រែកព្នៅ លោកជា ខេមា អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជាច្រើននាក់ទៀត និងមានការចូលរួមពីក្រុមហ៊ុនស៊ិនទ្រី ផងបានចុះបោសសំអាតស្ពានព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែវិច្ចកក្កដា ឆ្នាំ២០១៩នេះ។
លោកជា ខេមា បានឲ្យដឹងថា នៅក្នុងការសម្អាតស្ពាននេះ ទី១បាញ់ទឹកតាមបំពង់លូលើស្ពានដែលកកស្ទះដោយដី ទី២បោសសំរាម និងលាងសម្អាតធុលីដី និងទី៣កាត់ស្មៅតាមជើងស្ពានឲ្យមានសោភ័ណ្ណភាពល្អ។ ចំពោះកំណកដី នៅគល់ស្ពាន និង ផ្នែកខាងលើ ស្ពានត្រូវ រៀបចំកម្មវិធី សំអាតក្នុង១សប្ដាហ៍ម្ដង ដោយសាលាខណ្ឌស្នើសុំរថយន្ដសំអាត ពីមន្ទីរសាធារណៈការ តាមរយៈសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីក្រុមហ៊ុនស៊ិនទ្រី ផងដែរ។
លោកបន្តថា បើតាមប្រសាសន៍របស់លោកសុខ សម្បត្តិ បានណែនាំដល់មន្ដ្រីជំនាញ កំលាំងសណ្ដាប់ធ្នាប់ខណ្ឌ និងអាជ្ញាធរ សង្កាត់ព្រែកព្នៅ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតំបន់ស្ពានព្រែកព្នៅ ឲ្យបានល្អប្រសើរ ទាំងសោភ័ណភាព របៀបរៀបរយ ទាំងសណ្ដាប់ធ្នាប់ល្អ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរកុំឲ្យមានការកកស្ទះ។
លោកបានបញ្ជាក់ថា ក្នុងការបាញ់ទឹកសំអាតអនាម័យបរិស្ថាននៅស្ពានព្រែកព្នៅ នាថ្ងៃនេះក៍ដើម្បីត្រៀមទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីពិនិត្យការដ្ឋានសំណង់ ពហុកីឡាដ្ឋានជាតិ មរតកតេជោ និងសំណេះសំណាលជាមួយកម្មករ នាពេលខាងមុខ។ ជាមួយនេះផងដែរក្រុមការងារក៍បាន ត្រូវណែនាំផ្សព្វផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិស្ថាន តាមលំនៅដ្ឋាន និងតំបន់ដែលពួកគាត់រស់នៅ ធ្វើយ៉ាងណាជួយលើកស្ទួយសម្រស់ខណ្ឌព្រែកព្នៅរបស់យើងទាំងអស់គ្នា៕