បុរសបិទមុខមួយក្រុម បានវាយប្រហារយ៉ាងសាហាវទៅ លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលធ្វើឲ្យមនុស្ស៤៦នាក់រងរបួស

0
1113

ហុងកុង ៖ បុរសបិទមុខមួយក្រុម បានវាយប្រហារយ៉ាងសាហាវទៅ លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងអ្នកដំណើរនៅស្ថានីយរថភ្លើងមួយ ក្នុងទីក្រុងហុងកុង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤៥នាក់បានរងរបួសស្រាល និងបុរសម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃចន្ទ ទី២២ខែកក្តដា ឆ្នាំ ២០១៩នេះ។

វីដេអូខ្លីមួយ ដែលថតបានដោយអ្នកដំណើរបានបង្ហាញថា ក្រុមបុរសបិទមុខទាំងនោះ ពាក់អាវយឺតពណ៌ស ដោយមានកាន់ដំបងវែងៗជាច្រើននៅនឹងដៃ បានសម្រុកចូលក្នុងស្ថានីយរថភ្លើងដ៏ធំមួយតំបន់ Yuen Long ហើយបានវាយយ៉ាងចាស់ដៃលើអ្នកដំណើរតែម្ដង។

លោក ឡាម (Lam) ដែលជនរងគ្រោះមួយរូប ក្នុងហេតុការណ៍នោះបានឱ្យដឹងថា លោកមាន ការខឹងខ្លាំងណាស់ ចំពោះការឆ្លើយតបយឺតយ៉ាវរបស់ប៉ូលិសហុងកុង បន្ទាប់ពីលោកបានប្រាប់ ពួកគេអំពីបញ្ហានេះតាំងដើមមកហើយ។ លោកបានបន្ថែមទៀតថា ប៉ូលិសគឺបានបរាជ័យក្នុងការ ការពារសន្តិសុខជូនសាធារណៈជន ដែលអនុញ្ញាតឱ្យក្រុមមនុស្សពាល អាចវាយប្រហារមកលើ ប្រជាជនបែបនេះ។

ដោយឡែក តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ប៉ូលិសបានថ្កោលទោសយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុហិង្សាខាងលើ ហើយថែមទាំងសន្យាថា នឹងធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីវែកមុខជនល្មើស មកកាត់ទោសឲ្យខានតែបាន។

គួរជម្រាបថា នៅទីក្រុងហុងកុងគេឃើញមាន បាតុកម្មហិង្សាចេះតែកើតឡើងជាបន្តបន្ទាប់ អស់រយៈពេលជាងពីរខែមកហើយ ដែលនាំឲ្យធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតពុំធ្លាប់មានពីមុនមក បើរាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងនេះ មកឲ្យចិនដីគោកគ្រប់គ្រងវិញ នៅឆ្នាំ១៩៩៧។

ក្រុមអ្នកតវ៉ា ទាមទារឱ្យលុបទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីអំពីច្បាប់ធ្វើបត្យាប័ន ទៅចិនដីគោក និងទាមទារឲ្យមានសិទ្ធិសេរីភាពបន្ថែមទៀត៕

Facebook Comments
Loading...