ភ្នំពេញ ៖ រឿង “រៃប្តូរទ្រនំ” នេះមានឈុតឆាករស់ជាតិប្លែក ដោយរឿងនេះបែបកំសត់ ច្រណែនឈ្នានីសគ្នា ដណ្តើមមុខរបបគ្នា កាចកុងគ្នា ហើយសាច់រឿងទាំងមូលផ្តោតលើការអប់រំ សីលធម៌ និងព្រះពុទ្ធសាសន៍។
តារាសម្តែងប្រុសស្រីពីរដួងដែលកំពុងរះនៅលើវិថីសិល្បៈគឺ កញ្ញា ផាន់ ផាត់ណា បានប៉ះគ្នាជាមួយបុរសរូបសង្ហាលោក សេង មង្គល ទៀតហើយក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ “រៃប្តូរទ្រនំ” ដោយសន្យានឹងធ្វើឱ្យល្អខ្លាំងជាងរឿងមុនៗ។
ក្នុងពិធីក្រុងពាលីរឿងភាគ “រៃប្តូរទ្រនំ”កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ តតារាសម្តែងប្រុសលោក សេង មង្គល បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្រាប់រឿងថ្មីនេះលោកតម្រូវឱ្យដើរតួជាកំលោះដែលមានមុខជំនួញ ហើយជាកូនទី២ក្នុងគ្រួសារអ្នកមាន និងពូកែរកស៊ីខ្លាំង។ លោកត្រូវដើរតួមានលក្ខណជាបុគ្គលល្អប្រពៃ និងឈ្លាសវៃ។ លោកក៏ជាបុរសសង្ហាដែលស្រីៗស្អាតសិចស៊ីជាច្រើនក្នុងរឿងនេះ ដណ្តើមគ្នាចង់បាន ប៉ុន្តែមិនចាប់អារម្មណ៍ឡើយ បែរជាទៅពេញចិត្តតួឯកស្រី ឈ្មោះ“នីកា” (ផាន់ ផាត់ណា)។ លោកសប្បាយចិត្តនៅពេលដែលអ្នកដឹកនាំថតស្ថានីយទូរទស្សន៍ជ្រើសរើសយកលោក ដឹងថា សាច់រឿងនេះល្អ ហើយយកលោកលេងគឺប្រាកដជាល្អមើលនាពេលខាងមុខនេះ។
ចំណែកតួឯកស្រីកញ្ញា ផាន់ ផាត់ណា ដែលដើរតួជា“នីកា”បានប្រាប់ថា សម្រាប់នេះនាងនឹងយកសមត្ថភាពរបស់នាងទាំងអស់មកបញ្ចេញក្នុងសាច់រឿង “រៃប្តូទ្រនំ” នេះដោយនាងជឿជាក់យ៉ាងខ្លាំងថានាងអាចធ្វើបានមិនឱ្យទស្សនិកជនខកបំណងឡើយ។ សាច់រឿងក៏ប្លែកផងដែរ ដោយសារតែឈុតឆាកស្នេហា មិនសូវសំបូរឡើយ សំបូរឈុតឆាក ឈ្លោះគ្នា បណ្តើមមុខរបរគ្នា កាចកុងគ្នា ហើយជាពិសេសនឹងបង្ហាញឈុតអប់រំ និង តាមបែបព្រះពុទ្ធសាសនផងដែរ។
សូមបញ្ជាក់ថា តារាសម្តែងពីរដួងនេះ លោក សេង មង្គល និង កញ្ញា ផាន់ ផាត់ណា បានធ្លាប់ប៉ះគ្នាម្តងហើយក្នុងរឿងភាគដែរ គឺ “គ្រាប់បាល់អង្រួនបេះដូង” ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ កញ្ញា ផាន់ ផាត់ណា ជាតារាសម្តែងលេចធ្លោនិងប្រជាប្រិយក្នុងរឿងភាគច្រើន កន្លងមកនាងទទួលបានការថតខ្សែភាពយន្តតាំងដើមមកសរុបចំនួន១៥រឿងមកហើយ។
លោកគ្រូ ស៊ិន សុផាត សមាជិកនៃគណកម្មការដឹកនាំរឿងនៃស្ថានីយទូរទស្សន៍លេខ៥បានបង្ហើបឱ្យដឹងថា សម្រាប់រឿង “រៃប្តូរទ្រនំ” នេះមានឈុតឆាករស់ជាតិប្លែកពីរឿងមុនៗ ដោយរឿងនេះបែបកំសត់ ច្រណែនឈ្នានីសគ្នា ដណ្តើមមុខរបបគ្នា ហើយសាច់រឿងទាំងមូលផ្តោតលើការអប់រំ សីលធម៌ និងព្រះពុទ្ធសាសន៍។ រឿងនេះនឹងធ្វើឱ្យទស្សនិកជនពេញចិត្ត និង ផ្ទុះការគាំទ្រនាពេលខាងមុខនេះ៕