លោកថោង ខុន អំពាវនាវដល់ក្រុមការងារ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាបន្តចូលរួមអភិរក្ស ផ្សព្វផ្សាយនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅទូទាំងប្រទេស

0
1143

ភ្នំពេញ ៖ លោកថោង ខុន អំពាវនាវដល់ក្រុមការងារ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាចាប់យកនិន្នាការថ្មីនៃបច្ចេកវិទ្យា ពិសេសគឺទស្សនាទាន smart city និង smart tourism ព្រមជាមួយការបន្តចូលរួមអភិរក្ស ផ្សព្វផ្សាយនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅទូទាំងប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រតិភូគម្រោងចិត្តដូចគ្នាដឹកនាំដោយលោកស្រី ងួន សូនី ជាប្រធានគម្រោងកាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសមព្រមទាំងរាយការណ៍ជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពីគោលដៅសកម្មភាព ព្រមទាំងសុំការផ្តល់អនុសាសន៍ផងដែរ ពីលោករដ្ឋមន្ត្រីផងដែរ។
លោកស្រី ងួន សូនី បានឲ្យដឹងថា គម្រោងចិត្តដូចគ្នាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយយុវជនស្មគ្រ័ចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមយូអិនអាយ និងក្រុមហ្គូហ្កល ខេមបូឌា ។ លោកស្រីបញ្ជាក់ថា នៅឆ្នាំបង្កើតដំបូងគម្រោងចិត្តដូចគ្នា បានបង្កើតកម្មវិធីមួយគឺរត់ ដើម្បីមនុស្សធម៌ ដែលត្រូវបានរៀបចំធ្វើនៅកោះពេជ្រ ដោយមានអ្នក ចូលរួមប្រមាណជាង២០០០នាក់ ដើម្បីប្រមូលថវិកាជួយដល់អង្គការដ្រាម៉ាណា និងអង្គការផ្ទះ បាយកុមារ។

លោកស្រីបន្តថា បន្ទាប់ពីកម្មវិធីទី១ទទួលបានជោគជ័យគម្រោងចិត្តដូចគ្នាបានរៀបចំ កម្មវិធីមួយទៀតគឺកម្មវិធី « ដើម្បីសង្គមជាតិយើងអាចធ្វើបាន » ដែលផ្តល់ឱកាសដល់សិស្ស និស្សិតតាមវិទ្យាល័យ សាកលវិទ្យាល័យចូលរួមប្រកួតប្រជែងនូវគម្រោងដែលពួកគាត់បង្កើតឡើង ហើយកម្មវិធីនេះក៏ទទួលបានជោគជ័យផងដែរ ។
លោកស្រី ងួន សូនី បានថ្លែងឲ្យដឹងថា កម្មវិធីទី៣គឺ «រត់ដើម្បីគ្រូ» ដើម្បីប្រមូលថវិកា ជួយដល់សមាគមបុគ្គលិកសិក្សាខ្មែរដែលប្រមូលប្តុំដោយលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍រួមទាំង លោកគ្រូអ្នកគ្រូផ្សេងទៀតដែលកំពុងបំពេញការងារខាងវិស័យអប់រំ។ លោកស្រីប្រធានក៏បាន ឲ្យដឹងដែរថា ចំពោះគម្រោងទី៤គឺកម្មវិធី « ដើម្បីសង្គមជាតិយើងអាចធ្វើបាន » រដូវកាលទី២ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅពេលខាងមុខ។ ដូច្នេះទើបក្រុមយុវជនគម្រោងចិត្តដូចគ្នាបាន ស្នើសុំចូលសម្តែងការគួរសមនិងសុំផ្តល់ការណែនាំនិងផ្តល់អនុស្សាសពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រោះថា រាល់កម្មវិធីដែលរៀបចំដោយគម្រោងចិត្តដូចគ្នាផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ហើយទទួលបានការគាំទ្រនិងចូលរួមពីស្រទាប់យុវជនកម្ពុជា ។

ដោយឡែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្តែងនូវការគាំទ្រ ចំពោះរាល់កម្មវិធីជា បន្តបន្ទាប់របស់គម្រោងចិត្តតែមួយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដោយកម្មវិធីភាគច្រើន ផ្តោតលើវិស័យទេសចរណ៍។ លោកក៏បានលើកទឹកចិត្តដល់ក្រុមយុវជនគម្រោងចិត្តតែមួយបន្ត ការងាររបស់ខ្លួនបន្តទៀត សំខាន់ចូលរួមឲ្យកាន់តែសកម្មការផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យទេសចរណ៍ ។
លោក រដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ហើយពោរពេញដោយ សក្តានុពល សំខាន់ទេសចរណ៍វប្បធម៌និងធម្មជាតិឬអេកូទេសចរណ៍ដែលយើងកំពុងតែខិតខំកែច្នៃនិងធ្វើយ៉ាងណាឲ្យតំបន់ទាំងនោះក្លាយជាតំបន់ទេសចរណ៍ដែលស្អាតនិងបៃតង ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះក្រៅពីគោលដៅទេសចរណ៍វប្បធម៌យើងក៏កំពុងតែខិតខំជម្រុញគោលដៅអេកូទេសចរណ៍ និងវិស័យទេសចរណ៏ម្ហូបអាហារ ក្នុងនោះការបង្កើត ស្តង់ដាវិថីម្ហូបអហារfood street ថែមទៀត ។

បច្ចុប្បន្ននេះនៅលើពិភពលោកភ្ញៀវទេសចរប្រមាណជាង៥០% ចូលចិត្តតំបន់ទេសច​រណ៍វប្បធម៌ ខណៈដែលប្រមាណជាង៣០%ចូលចិត្តចំពោះទេសចរណ៍ធម្ម ជាតិ ឬអេកូទេសចរណ៍ក្នុងពេលដែលប្រទេសកម្ពុជាយើងក៏មានសក្តានុពលខ្លាំងលើអេកូទេសចរណ៍នេះផងដែរ ។
ទន្ទឹមនោះយើងក៏កំពុងអភិវឌ្ឍន៍គោលដៅទេសចរណ៍ជាច្រើន ដើម្បីប្រែក្លាយតំបន់នោះ ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ និងទាក់ទាញបំផុតដូចជាគោលដៅទេសចរណ៍នៅភូមិភាគ ឥសាន្ត តំបន់និរតី និងតំបន់ខាងជើងប្រទេសជាដើម ដែលសុទ្ធសឹងជាតំបន់ដែលប្រកបដោយ សក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍ ។

ដូច្នេះ លោក អំពាវនាវដល់ក្រុមការងារ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាចាប់យកនិន្នាការថ្មីនៃបច្ចេកវិទ្យា ពិសេសគឺទស្សនាទាន smart city និង smart tourism ព្រមជាមួយការបន្តចូលរួមអភិរក្ស ផ្សព្វផ្សាយនិងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅទូទាំងប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕

Facebook Comments
Loading...