ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ជួបកីឡាករថៃចេកនឿប៉ាក់ថាក់ភី វ៉.ស៊ុងនឺន ខណៈកីឡាករជើងខ្លាំងគីឡូស្រាលហ៊ឹម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ជួបកីឡាករថៃឃីវបា ស៊ីតថាន់វ៉ា ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃ នឿប៉ាក់ថាក់ភី វ៉.ស៊ុងនឺន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និងជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។
រីឯកីឡាករស្រករក្រោយកូយ ឡាយ គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេសស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមានស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ សម្រាប់ការជួបគ្នារវាង កូយ ឡាយ និងថៃនឿប៉ាក់ថាក់ភី វ៉.ស៊ុងនឺន នេះមិនមាននរណាហ៊ានទស្សទាយមុនថានរណាជាអ្នកទទួលបានជ័យជម្នះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងនឿប៉ាក់ថាក់ភី វ៉.ស៊ុងនឺន នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករហឹម សេរី ដែលនណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់នោះ ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករថៃឃីវបា ស៊ីតថាន់វ៉ា។
ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយរយៈពេលចុងក្រោយនេះ មានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុនទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហា។ ជាងនេះទៅទៀតនោះហ៊ឹម សេរី ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង ហើយមានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ជាមួយកីឡាករក្នុងស្រុកនិងកីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាចយកឈ្នះលើកីឡាករថៃឃីវបា ស៊ីតថាន់វ៉ា ដូចការអះអាងរបស់អ្នកវិភាគកីឡាប្រដាល់កម្ពុជាដែរឬយ៉ាងណា?៕