សមត្ថកិច្ចចម្រុះខណ្ឌព្រែកព្នៅ ចុះរុះរើសំណង់របង១កន្លែង នៅភូមិសំរោងត្បូង

0
1390

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះខណ្ឌព្រែកព្នៅ បានចុះរុះរើសំណង់របង១កន្លែង នៅភូមិសំរោងត្បូង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ដែលសង់រំលោភលើចំណីរបឹងកប់ស្រូវ ដែលផ្ទុយទៅនឹងសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌព្រែកព្នៅដែលកំពុងធ្វើការផ្សព្វផ្សាយ។

លោក ហែម រិទ្ធី នាយរងរដ្ឋបាលសាលាខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សំណង់របងដែលកម្លាំងបានចុះទៅរុះរើនេះគឺជារបងសង់ថ្មីលើដីកំពុងមានទំនាស់ រវាងឈ្មោះ លីសៀងហួត និង ភាគីម្ខាងទៀត ដែលកំពង់ក្ដីក្ដាំងគ្នាមិនទាន់ដាច់ស្រេចនៅឡើយ ហើយម្យ៉ាងទៀតដីនេះក៏មិនទាន់ច្បាស់លាស់ ថាជាដីឯកជនឬជាដីអនុក្រឹត្យ របស់រដ្ឋ ដោយស្ថាប័នមានសមត្ថកិច្ចផ្នែកដែនដី នៅមិនទាំន់កំណត់ព្រំបឹងនៅឡើយ។

ប៉ុន្ដែឈ្មោះលី សៀងហួត នេះមិនព្រមអនុវត្តតាមសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌហើយសង់របងបាំងស័ង្កសី រៀបចំដាំសសរដើម្បីសង់ផ្ទះថ្មីទៅវិញ។ សកម្មភាពនេះគឺមិនអាចបណ្ដែតបណ្ដោយបានឡើយព្រោះនេះ ជា ចេតនាក្នុងការ រំលោភទន្ទ្រាន កាន់កាប់ លើចំណីរ បឹងកប់ស្រូវ ដូចនេះអាជ្ញាធរ ខណ្ឌមិនអនុញ្ញាតិ ឲ្យប៉ះពាល់ដល់បឹងកប់ស្រូវ ដែលជាបឹងរបស់រដ្ឋជាដាច់ខាត។

សូមបញ្ជាក់ថាក្នុងសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌព្រែកព្នៅនាពេលថ្មីៗនេះបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងកប់ស្រូវឬបឹងតាមោគ និងប្រជាពលរដ្ឋ១ចំនួនទៀតដែលមានចេតនា រំលោភទន្ទ្រាន កាន់កាប់ លើផ្ទៃបឹងកប់ស្រូវ ថែមទៀតនោះគឺ ត្រូវរុះរើបង្គោលដែលបានដាំ និងរោងឬផ្ទះដែលបានសាងសង់លើផ្ទៃ និងចំណីរ បឹងកប់ស្រូវ នោះចេញ ជាបន្ទាន់។

អាជ្ញាធរ ខណ្ឌមិនអនុញ្ញាតិឲ្យដាក់ស៊ងចិញ្ចឹមត្រី សាងសង់រោង លំនៅដ្ឋាន ចាក់ដីចូលចំណីរបឹង និងធ្វើសកម្ម ភាពគ្រប់រូបភាព ដែលអាចធ្វើឲ្យប៉ះពាល់ដល់បឹងកប់ស្រូវ ដែលជាបឹងរបស់រដ្ឋជាដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះទេ សាលាខណ្ឌនឹងចាត់វិធានការរដ្ឋបាល ធ្វើការរុះរើ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្ភារៈរបស់បងប្អូនឡើយ។ នេះជាវិធានការដែលធ្វើឡើង តាមការកំណត់នៃ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅថែរក្សាមុខងារបឹងកប់ស្រូវ សម្រាប់ ជាអាងស្ដុកទឹក និងជាប្រព័ន្ធរំដោះទឹក១ភាគធំ ពីក្នុងរាជធានីភ្នំពេញ។

លោក ហែម រិទ្ធី មានប្រសាសន៍ថា អាជ្ញាធរមិនចង់ធ្វើបែបនេះឡើយ តែនេះគឺជាការព្រមាន ដើម្បីកុំឲ្យអ្នកដែលចង់រំលោភដីដែលជាកម្មសិទ្ធ របស់រដ្ឋមកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះ លែងហ៊ានរំលោភយកដីសាធារណៈរបស់រដ្ឋតទៅទៀតដើម្បីប្រឆាំងទៅ ទស្សនៈរបស់ក្រុមមនុស្ស១ចំនួនតូចដែលយល់ថា«ចាញ់បានលុយ ឈ្នះបានដី»៕

Facebook Comments
Loading...