ភ្នំពេញ ៖ កីឡាករជើងខ្លាំងលី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ជួបជាមួយកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់ ខណៈកីឡាករសុខ សាវិន អ្នកប្រដាល់នៃក្លិបឆ្មាសរសែនសុខគុនខ្មែរ ជួបកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ដណ្តើមពានរង្វាន់ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាក្នុងកម្មវិធីនេះ តែកីឡាករថៃម្នាក់នេះធ្ាលប់មកប្រកួតនៅសង្វៀនក្នុងស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ជាមួយកីឡាករកម្ពុជា។
ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ បានធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់ជួបគ្នានៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់ នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករសុខ សាវិន ជួបកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។
ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងកែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា សុខ សាវិន មានភាគរយខ្ពស់បំផុត ក្នុងការយកឈ្នះថៃរូបនេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម នរណាជាអ្នកឈ្នះ?៕