ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា២រូបគឺមុត ខ្លឹមខ្មៅ អ្នកប្រដាល់មកពីក្លិបម្កុដរាជ សីហ៍ កៀកស្មារនិងកីឡាករខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរហាប់ស្វាយប៉ាក ឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃក្វាង ស៊ីតវ៉ាំងលួង និងកីឡាករថៃរុងវិធិយ៉ា ស៊ីត.លួងពូឧដុម នាថ្ងៃអាទិត្យទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅលើសង្វៀនទួរទស្សន៍ស៊ីអិនស៊ី។
កីឡាករមុត ខ្លឹមខ្មៅ ជួបកីឡាករថៃ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ គេនៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនគឺពួកគេ ពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល មិនទាន់មានកីឡាករកម្ពុជាអាចធ្វើបានដូចពួកគេរនោះឡើយ តែកីឡាករកម្ពុជាភាគច្រើនខ្លាំងកណ្តាប់ដៃ និងកែង ដែលកីឡាករថៃក៍កម្រធ្វើបាននោះដែរ។
ចំណែកមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយរាងឆេវឆាវនិងកាចបន្តិច ហើយវាយមិនដែលយោគយល់គូប្រកួតណាឡើយ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹមខ្លៅ ជាអ្នកឈ្នះឫកីឡាករថៃក្វាង ស៊ីតវ៉ាំងលួង ជាអ្នកឈ្នះនោះឡើយ ព្រោះរវៀងជើងខ្លាំងទាំងពីរនេះ បើនណាឈ្នះ ក៏ឈ្នះទាំងវេទនាខ្លួនដែរ។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះរុងវិធិយ៉ា ស៊ីត.លួងពូឧដុម ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
ខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃរុងវិធិយ៉ា ស៊ីត.លួងពូឧដុម នេះនរណាជាអ្នកឈ្នះ?៕