ខួបអាពាហ៍ពិពាហ៍១៥ឆ្នាំអ្នកនាងសួរ ស្រីកែវ និងស្វាម៉ី មានក្រុមតារា និងសិល្បករជាច្រើនចូលរួមអបអរសាទរ

0
2024

ភ្នំពេញ ៖ អ្នកនាងសួរ ស្រីកែវ និងស្វាម៉ីសូមថ្លែងអំណរគុណដល់ភ្ញៀវ បងប្អូនញាតិមិត្ត និងក្រុមគ្រួសារទាំងអស់ដែលបានចួលរួមអបអរ ខួបអាពាហ៍ពិពាហ៍១៥ឆ្នាំហើយជាពិសេសអគុណដល់ក្រុមតារា និងសិល្បករ ដែលរាប់អានស្រលាញ់គ្រួសាររបស់អ្នកនាង។

តារាល្បីជាច្រើនទាំងសម្តែងទាំងកំប្លែងបានលេចវត្តមានរបស់ខ្លួនក្នុងពិធីអបអរ ខួបអាពាហ៍ពិពាហ៍១៥ឆ្នាំថៅកែហាងថែរក្សាសម្ផស្ស ផ្កាកែវ កាលពីពាក់កណ្តាលខែមករាកន្លងមកថ្មីៗនេះ។ អ្នកនាង សួរ ស្រីកែវ ដែលជាថៅកែហាងថែរក្សាសម្ផស្ស “ផ្កាកែវ” បានប្រារពពិធីអបអរគំរប់ខួប១៥ឆ្នាំនៃអាពាហ៍ពិពាហ៍ជាមួយស្វាមីលោក ស៊ុន វាសនា ដោយការចូលរួមពីភ្ញៀវជាច្រើនរូប ហើយជាពិសេសវត្តមានពីតារាល្បីជាច្រើនរូបដូចជា លោក អ៊ឹម ជីវ៉ា (ទើបលាចាកសិក្ខាបទ) តារាសម្តែងលោក ព្រហ្ម ប្រសិទ្ធី លោក បញ្ញា សិដ្ឋ លោក ម៉ឺន ឯកសុភារិទ្ធ  កញ្ញា រៀម ច័ន្ទបរមី និងសមាជិកក្រុមកំប្លែងយ៉េយ៉េ ព្រមទាំងសិល្បករផ្សេទៀត។

អ្នកនាង សួរ ស្រីកែវ បានថ្លែងឱ្យដឹងថា រៀបចំពិធីនេះឡើងដើម្បីរំលឹកដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងនិងស្វាមី ដែលកាលពី១៥ឆ្នាំមុនអ្នកទាំងពីរបានហែលឆ្លងឧបសគ្គជាច្រើន មិនអាចកាត់ថ្លៃបានឡើយ រហូតទើបអាចរៀបការជាមួយគ្នាក្រោមការឯកភាពពីគ្រួសារទាំងសងខាង។ បើនិយាយពីការតស៊ូ និង ការចាប់ផ្តើមស្រលាញ់ដំបូងជាមួយស្វាមីរបស់អ្នកនាងវិញ គឺនិយាយបីថ្ងៃក៏មិនអស់ដែរ។ រឿងស្នេហាតស៊ូព្យាយាមយកគ្នារបស់អ្នកនាង និង ស្វាមី  គឺកំសត់ និង វេទនាខ្លាំងណាស់ ដែលកាលពីមុន គ្រួសាររបស់អ្នកនាងមិនអនុញ្ញាតឱ្យស្រលាញ់គ្នា គឺតាមបំបែកនាងនិងស្វាមីគ្រប់វិធី ខ្លាំងជាងរឿងកុនរឿងភាគដែលគេលេងទៀត។

ថៅកែស្រីហាងថែរក្សាសម្ផស្ស “ផ្កាកែវ” រូបនេះបានបញ្ជាក់ថា ការតស៊ូនិងព្យាយាមទើបអ្នកនាងនិងស្វាមីអាចរួមរស់ជាមួយគ្នាបានដល់១៥ឆ្នាំ មានកូនបួននាក់ មានមុខរបបជាច្រើន។ ពិធីនេះអ្នកនាងសូមថ្លែងអំណរគុណដល់ភ្ញៀវ បងប្អូនញាតិមិត្ត និងក្រុមគ្រួសារទាំងអស់ដែលបានចួលរួមអបអរ ហើយជាពិសេសអគុណដល់ក្រុមតារា និង សិល្បករ ដែលរាប់អានស្រលាញ់គ្រួសាររបស់អ្នកនាង។

សូមបញ្ជាក់ថា អ្នកនាង សួរ ស្រីកែវ ជាថៅកែហាងថែរក្សាសម្ផស្ស “ផ្កាកែវ” ដែលផ្តល់សេវាកម្មថែរក្សាសម្រស់ជាច្រើនប្រភេទ ខណៈមានតារាច្រើនគាំទ្រ និង សរសើរដល់សេវារបស់អ្នកនាង។ ជាមួយគ្នានឹងខួបអាពាហ៍ពិពាហ៍១៥ឆ្នាំរបស់អ្នកនាងនោះ ក៏ត្រូវរៀបចំសិក្ខាបង្រៀន ប៉ាក់និងផ្លុំចិញ្ចើម ដែលបង្រៀនពីអ្នកគ្រូជនជាតិថៃ គឺលោកស្រី Ajarn Ying ដល់សិស្សប្រមាណ៦០នាក់៕

Facebook Comments
Loading...