លោក ម៉ារ៉ា ប៊ុណ្ណា និងអ្នកនាង ផុន ដារ៉ានី ធ្វើពិធីកាត់ចំណងដៃ យកទៅធ្វើកម្មវិធីសប្បុរសធម៌

0
2667

ភ្នំពេញ ៖ លោក ម៉ារ៉ា ប៊ុណ្ណា និងអ្នកនាង ផុន ដារ៉ានី បានធ្វើពិធី កាត់ចំណងដៃ ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយនោះ ហើយសម្រាប់​ចំ​ណង​ដៃ ​បាន​ពី​ពិធី​នេះ ក្រោយពីគិតគូថ្លៃតុនិងអាហារ អ្នកទាំងពីរ នឹងយកទៅធ្វើកម្មវិធីសប្បុរសធម៌ ​ជួយ​ដល់​កុមារ​កំព្រា អ្នកដែល​មានជីវភាពខ្វះ​ខាត និងចាស់ជរា ​ផង​ដែរ។

ជារាត្រីមួយដ៏អស្ចារ្យ ចំពោះគូស្វាមីភរិយាថ្មី ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយនោះ ក៏បានសម្រេចចិត្តកាន់ដៃគ្នា កសាងជីវិត ជាមួយគ្នា រវាងលោក ម៉ារ៉ា ប៊ុណ្ណា និងអ្នកនាង ផុន ដារ៉ានី បានធ្វើពិធី កាត់ចំណងដៃ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅ Eclipse Sky Bar ​ដោយ​មាន​អ្នក​ចូល​រួម​ជាង​១០០​នាក់។

លោក ម៉ារ៉ា ប៊ុណ្ណា ​ម្ចាស់​បទ ​”​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍​” បានថ្លែងអោយដឹង​ថា ពួកយើងដោយ​មើល​ចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង​២ ឆ្នាំ ​ទើប​តារា​ចម្រៀង​សម្បុរ​ស្រអែម​រូប​នេះ ​សម្រេច​ប្រកាស​​រៀប​ចំ​ពិធី​នេះ​ឡើង ​ចំនួន​១០​តុ ដោយ​ចំណាយ​ប្រាក់​អស់​ជាង​៤ពាន់​ដុល្លារ នៅ Eclpise Sky Bar។ លោក​ពេញ​ចិត្ត​ ភរិយា ​ត្រង់​អ្នក​នាង ​ដារ៉ានី ជា​មនុស្ស​ឆ្លាត ​ចេះ​ទុក​ដាក់​លុយ​កាក់ ព្រម​ទាំង​ផ្ដល់​តម្លៃ​ និង​ភាព​ជឿ​ជាក់​មក​លើ​លោក។ អ្នកនាង ផុន ដារ៉ានី ​ជា​អ្នក​ភ្នំពេញ ​និង​ជា​អតីត​​អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ ប៉ុស្តិ៍លេខ៥។

ចំពោះ​ចំណង​ស្នេហ៍​វិញ​ លោក ម៉ារ៉ា ប៊ុណ្ណា ប្រាប់​ថា ​តាម​ពិត​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ស្និទ្ធ​ស្នាល​គ្នា​ទេ។ ​ថ្ងៃ​មួយ​ជួប​គ្នា​ចៃដន្យ​នៅ​ផ្សា អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ​ហើយ​រាប់​អាន​គ្នា និង​យល់​ចិត្ត​គ្នា​ពី​ពេល​នោះ​មក។

លោកបន្តថា ចំពោះសម្រាប់​ចំណង​ដៃ ​បាន​ពី​ពិធី​នេះ ក្រោយពីគិតគូថ្លៃតុនិងអាហារ អ្នកទាំងពីរ នឹងយកទៅធ្វើកម្មវិធីសប្បុរសធម៌ ​ជួយ​ដល់​កុមារ​កំព្រា អ្នកដែល​មានជីវភាពខ្វះ​ខាត និងចាស់ជរា ​ផង​ដែរ៕​​​

Facebook Comments
Loading...