ភ្នំពេញ ៖ កីឡាករសុខ សាវិន អ្នកប្រដាល់នៃក្លិបឆ្មាសរសែនសុខគុនខ្មែរ ជាមួយកីឡាករថៃវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ ខណៈកីឡាករជើងខ្លាំហពេជ្រ ម្ទេសខ្មាំង អ្នកប្រដាល់របស់ក្លិបអារុណរះកីឡា ជួបកីឡាករភីតប៉ែតស៊ែន ស៊ីត.លួងពូឧដុម ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ។
កីឡាករសុខ សាវិន ជួបកីឡាករថៃវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។
ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងកែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា សុខ សាវិន មានភាគរយខ្ពស់បំផុត ក្នុងការយកឈ្នះថៃរូបនេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?។
ដោយឡែកកីឡាករពេជ្រ ម្ទេសខ្មាំង ត្រូវឡើងដណ្តើមប្រាក់លានពី អ្នកលេងឆ្លងដែនមកពីថៃផងដែរ គឺកីឡាករភីតប៉ែតស៊ែន ស៊ីត.លួងពូឧដុម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនាពេលកន្លងមក ដោយកីឡាករថៃម្នាក់នេះទើបចូលប្រឡូកមកសង្វៀនស្រុកខ្មែរ ហើយមិនទាន់ដឹងថាគេមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។
រីឯកីឡាករពេជ្រ ម្ទេសខ្មាំង គេជាកីឡាករជើងខ្លាំងក្នុងប្រភេទទម្ងន់នេះ ការប្រកួតជាមួយកីឡាករបរទេសគឺគេវាយកម្រចាញ់ណាស់ ហើយភាគច្រើនគឺផ្តួលគូប្រកួតឲ្យសន្លាប់ថែមទៀតផង។
សម្រាប់ការមកប៉ះ កីឡាករភីតប៉ែតស៊ែន ស៊ីត.លួងពូឧដុម នេះមិនដឹងថាកីឡាករម្ចាស់ផ្ទះ ពេជ្រ ម្ទេសខ្មាំង គេអាចបំបាក់កីឡាករថៃ ដែលជាភ្ញៀវឲ្យសន្លប់បានឬអត់នោះទេ តែតាមក្រុមអ្នកតាមដានប្រដាល់ មួយចំនួនអះអាងថា ប្រហែលជាអាចទៅរួចព្រោះការប្រកួតក្នុងទឹកដីខ្លួនឯង បើមិនឈ្នះពិន្ទុក៍ឈ្នះដោយសន្លប់ដែរ។ ចាំមើលកីឡាករពេជ្រ ម្ទេសខ្មាំង ឫកីឡាករភីតប៉ែតស៊ែន ស៊ីត.លួងពូឧដុម នណាជាអ្នកឈ្នះដណ្តើមបានប្រាក់លាននេះ?៕