ផ្លូវបេតុង១ខ្សែប្រវែង៤៨៤ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ ត្រូវបានបើកការដ្ឋានស្ថាបនាក្នុងភូមិធំត្បូង

0
1067

ភ្នំពេញ ៖ ផ្លូវលំ១ខ្សែ ប្រវែង៤៨៤ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ ដែលកន្លងមកទទួលរងការខូចខាត មានការលំបាកក្នុងការធ្វើដំណើរនោះ ឥឡូវនេះបានបើកការដ្ឋានស្ថាបនាហើយ កាលពីព្រឹកថ្ងទី២៥ ខែតុលានេះ ដែលគ្រោងចំណាយថវិកា ១៥៩លាន ៧សែនរៀល ដែលជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ស្ថិតក្នុងភូមិធំត្បូង សង្កា​ត់​ពញាពន់ ខណ្ឌព្រែកព្នៅ ។

ប្រជាពលរដ្ឋនៅភូមិធំត្បូង ទាំងអស់ បាន សំដែងនូវក្ដីរីករាយចំពោះ ការបើកដំណើរការជួសជុលផ្លូវនេះ ព្រោះកន្លងមកបងប្អូននៅក្នុងភូមិ តែងមានការលំបាកក្នុងការធ្វើដំណើរព្រមទាំងចំណាយថវិកាចូលរួមក្នុងការជួសជុលជាបន្ដបន្ទាប់។ អ៊ុំស្រី ងិន គិត អ្នកលក់បញ្ឆែវ មានលំនៅដ្ឋានជាប់ដងផ្លូវនេះមានចំណាប់អារម្មណ៍ថា រូបគាតត់មានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះការជួសជុលផ្លូវនេះ។ ទោះជាមានការលំបាកក្នុងពេលដំណើរការជួសជុល បន្ដិចក្ដី ប៉ុន្ដែនៅពេលជួសជុលរួចរាល់ លែងហុយ ងាយស្រួលលក់ដូរ ហើយអ្នកធ្វើដំណើរតាមផ្លូវក៏មានភាពងាយស្រួលដែរ ។

ចំណែកអ៊ុស្រីម្នាក់ទៀត បានបង្ហាញពីអារម្មណ៍ស្រដៀងគ្នានេះដែរ និងបានបញ្ជាក់ថា និងត្រៀមខ្លួនរង់ចាំសហការជាមួយអាជ្ញាធរនិងក្រុមហ៊ុនអនុវត្តន៍គម្រោង ដើម្បី ឲ្យការជួសជុលនេះប្រព្រឹត្តិទៅដោយរលូន តាមពេលវេលាដែលបានកំណត់។

ក្នុងឱកាសនោះផងដែរលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ មានប្រសាសថា ផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ដែលជួយបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លោកបញ្ជាក់ថាការអភិវឌ្ឍមូលដ្ឋាន អាចប្រព្រឹត្តិទៅបានដោយ សារស្រុកទេសយើងមានសុខសន្ដិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេតេជោនាយករដ្ឋមន្ដ្រី បានកែប្រែកម្ពុជាឲ្យមានការរីកចំរើនលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពី១ថ្ងៃទៅ១ថ្ងៃ ។

លោក អភិបាលខណ្ឌបានណែនាំ គណៈកម្មការត្រួតពិនិត្យការអនុវត្តគម្រោង ត្រូវតាមដានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនដែលជាអ្នកទទួលក្នុងការអនុវត្តគម្រោង។ ដោយឡែកចំពោះក្រុមហ៊ុន ត្រូវគោរព កិច្ចសន្យាទទួលការដែលខ្លួនបានចុះហត្ថលេខារួចហើយ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋានជាប់សងខាងផ្លូវនេះ សូមបងប្អូនជួយសម្របសម្រួលនិងសហការជាមួយអ្នកអនុវត្តគម្រោង និងយោគយល់អធ្យាស្រ័យ ចំពោះផល ប៉ះពាល់ក្នុងការស្ថាបនាផ្លូវដើម្បីផលប្រយោជន៍រួម និងដើម្បីឲ្យការស្ថាបនាផ្លូវនេះដំណើរការទៅ បានដោយរលូនមិនមានការរាំងស្ទះ៕

Facebook Comments
Loading...